ខណ្ឌរដ្ឋបាលជលផលកំពង់ធំបន្តប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ និងរុះរើឧបករណ៍នេសាទខុសច្បាប់នៅតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦--ខណ្ឌរដ្ឋបាលជលផលកំពង់ធំបានបន្តសហការជាមួយកងកម្លាំងមានសមត្ថកិច្ច និងសហគមន៍នេសាទ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនៅតាមភូមិសាស្ត្រមួយចំនួនក្នុងខេត្តកំពង់ធំ ដោយអនុវត្តបាន៦ករណី និងរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ព្រមទាំងចាក់លែងត្រីចម្រុះចូលក្នុងធម្មជាតិវិញ។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ប្រតិបត្តិការទាំងនេះបានធ្វើឡើងនៅស្រុកស្ទោង ក្រុងស្ទឹងសែន និងស្រុកតាំងគោក ដោយក្រុមការងារបានរុះរើបំផ្លាញចោលរបាំងស្បៃមុង របាំងសាច់អួន ឡុក លូ លប និងបង្គោលឈើជាច្រើនព្រមទាំងបានចាក់លែងត្រីចម្រុះសរុបជាង១២០គីឡូក្រាមចូលបឹងធម្មជាតិវិញ។
លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំមន្រ្តីជាប់កិច្ចសន្យា សហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលឃុំស្ពានគ្រង សហគមន៍នេសាទក្បាលស្ទឹង និងស្ពានគ្រង ចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលនៅចំណុចក្នុងភូមិសាស្រ្តឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ជាលទ្ធផលអនុវត្តបាន១ករណី ដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន១៥របាំង ប្រវែង៩០០ម៉ែត្រ ឡុកចំនួន១៥គ្រឿង លូចំនួន១៥មាត់ បង្គោលចំនួន១៥០ដើម និងចាក់លែងត្រីទំងន់៤៥គីឡូក្រាមចូលទន្លេវិញ។

លោក យ៉េង យ៉ាន នាយរងសង្កាត់រដ្ឋបាលជលផលស្ទឹងសែន សហការជាមួយកងកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន ចុះបង្រ្កាបបទល្មើសជលផលនៅភូមិសាស្រ្តសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ជាលទ្ធផលសម្រេចបាន១ករណីការនេសាទដោយប្រើឧបករណ៍ហាមឃាត់ (ឆក់ត្រី) វត្ថុតាងរួមមាន៖ ម៉ូតូអាសង់ពណ៌ខ្មៅC100 ចំនួន១គ្រឿងដុំភ្លើងឆក់ចំនួន២គ្រឿង អាគុយចំនួន២គ្រឿង ដងឆក់ចំនួន២គូរចាក់លែងត្រីចំរុះមួយចំនួនចូលបឹងធម្មជាតិវិញចំណែកឯជនសង្ស័យបានរត់គេចខ្លួនបាត់។
លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍ (ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលកោះរះ ចុះបង្រ្កាបបទល្មើសជលផលនៅចំណុតាជេត ដៃស្រឡៅ និងកោះតាកែវ ស្ថិតក្នុងភូមិសាស្រ្តឃុំស្រឡៅ ស្រុកតាំគោក ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងស្បៃមុងចំនួន១១របាំង ប្រវែង១៣៧៥ម៉ែត្រ ឡុកចំនួន១១គ្រឿង លបលូចំនួន១១មាត់ បង្គោលចំនួន២១៣ដើម ចាក់លែងត្រីចម្រុះទំងន់៧៥គីឡូក្រាមចូលទន្លេវិញ។
លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំមន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ សហការជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចចាប់ពីបាទាល់ ដល់បាឡតតូច ឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន២ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ ១- របាំងសាច់អួនលើសប្រវែងចំនួន៤ របាំង ប្រវែង១១០០ម៉ែត្រ ឡុកចំនួន៨គ្រឿង លូ/លបចំនួន១៦មាត់។ ២-របាំងសាច់អួនក្រឡាញឹកចំនួន២របាំងប្រវែង៤៥០ម៉ែត្រ ឡុកចំនួន៤គ្រឿង លូ/លបចំនួន៨ មាត់ បង្គោលឈើចំនួន៧០០ដើម។

លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំមន្រ្តីជាប់កិច្ចសន្យា សហគមន៍នេសាទស្ពានគ្រង ចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលនៅចំណុចបឹងងួនក្រៅ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងស្បៃមុងចំនួន៣របាំង ប្រវែង១៥០ម៉ែត្រ ឡុកចំនួន៣គ្រឿង លូចំនួន៣មាត់ បង្គោលចំនួន៧៥ដើម និងចាក់លែងត្រីមួយចំនួនចូលទន្លេវិញ៕
ដោយ ស៊ុម វណ្ណា





