ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក៖ ប្រកាសផ្តល់ថវិកាថ្មីបន្ថែមចំនួន ៧៥,០០០ដុល្លារ សម្រាប់ការកែលម្អ និងពង្រីកបន្ថែមនូវមជ្ឈមណ្ឌលអាមេរិកាំងសៀមរាប
AKP សៀមរាប ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ -- លោកស្រី Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ នៅក្នុងពិធីសម្ពោធ សារមន្ទីរស្ថាបនិក សេរីភាព២៥០ នៅមជ្ឈមណ្ឌលអាមេរិកាំងសៀមរាប កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោកស្រីបានប្រកាសផ្តល់ថវិកា ថ្មីបន្ថែម ចំនួន ៧៥,០០០ ដុល្លារ សម្រាប់ការកែលម្អ និងពង្រីកបន្ថែមនូវមជ្ឈមណ្ឌលអាមេរិកាំងសៀមរាប ដែលមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀខេត្តសៀមរាប។ ដែលជាផ្នែកមួយនៃការអបអរខួប១៥ឆ្នាំនៃមជ្ឈមណ្ឌលអាមេរិកាំងសៀមរាបក្នុងឆ្នាំ២០២៦។

មជ្ឈមណ្ឌលនេះបាន ស្វាគមន៍ប្រជាជនកម្ពុជាជាង ៤០.០០០នាក់ជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលអាមេរិកាំង បានរៀបចំកម្មវិធីពិសេសៗជិត ៥០០ កម្មវិធី ដើម្បីចែករំលែកពីរឿងរ៉ាវប្រវត្តិសាស្ត្រអាមេរិកទៅកាន់ប្រជាជនកម្ពុជា ដែលរួមមានព័ត៌មានស្តីពីគោលនយោបាយរបស់សហរដ្ឋអាមេរិក និងឱកាសក្នុងការអភិវឌ្ឍន៍ ជំនាញវិជ្ជាជីវៈ និងកម្មវិធីអប់រំជាភាសាអង់គ្លេស។ ដើម្បីគាំទ្រដល់ «ទសវត្សរ៍នៃកីឡា នៅសហរដ្ឋអាមេរិក» ដែលរួមមានព្រឹត្តិការ ណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក រដ្ឋឡូសអាន់ជេលេស ឆ្នាំ២០២៨ ខាងមុខ ព្រមទាំងកីឡារដូវរងា Utah ឆ្នាំ២០៣៤ លោកស្រីឧបការីរដ្ឋមន្ត្រី Dillon ក៏បានប្រកាសពីគំនិតផ្តួចផ្តើម ក្នុងវិស័យការទូតផ្នែកកីឡាថ្មីមួយដែលគ្រោងធ្វើឡើងនៅដើមឆ្នាំ២០២៧។ ក្រោមកម្មវិធីនេះគ្រូបង្វឹកជនជាតិអាមេរិកនឹងផ្តល់ការបណ្តុះបណ្តាលណែនាំផ្នែកកីឡាចំបាប់ដល់ក្រុមអត្តពលិកកម្ពុជាដោយប្រើប្រាស់ស្មារតីកីឡា ក្នុងការចែករំលែក ពីឧត្តមភាពអាមេរិក ក៏ដូចជាការពង្រឹងកិច្ច សហការជាដៃគូ។

ដំណើរទស្សនកិច្ចរបស់ លោកស្រីឧបការីរដ្ឋមន្ត្រី Dillon នេះមានរាប់បញ្ចូលទាំងការចូលរួមពង្រឹងអនាគតកម្លាំង ពលកម្មកម្ពុជា និងកិច្ចសហការអភិរក្សបេតិកភណ្ឌជាសកល ដែលនេះគូសបញ្ជាក់ពីតម្លៃដ៏យូរអង្វែងក្រោមកិច្ច ការអប់រំនិងវប្បធម៌ ហៅកាត់ថា ECA ក៏ដូចជាផ្តោតសំខាន់ទៅលើតួនាទីកិច្ចទំនាក់ទំនងការទូតសាធារណៈ ដើម្បីរឹតបន្តឹងចំណងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរនេះ លោកស្រី ឧបការីបានទៅទស្សនាប្រាសាទភ្នំខែង ក្នុងខេត្តសៀមរាប ក្រោមគម្រោងមូលនិធិ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់ការអភិរក្សវប្បធម៌ ទូទាំងពិភពលោក ដែលគម្រោងនេះទទួលបានកិច្ចគាំទ្រនិងការកសាងសមត្ថភាពពីសហរដ្ឋអាមេរិកសរុបទឹកប្រាក់ចំនួនជាង៤,៤លានដុល្លារ ដែលរាប់ចាប់តាំងពីឆ្នាំ២០០៤ មក៕
ដោយ ឃុត សៅ





