អភិបាលខេត្តបន្ទាយមានជ័យ៖ ការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ គឺជាការបង្ហាញពីការរួមចំណែកថែរក្សាសុខុមាលភាពប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ -- ការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ គឺជាកិច្ចការដែលថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានចាត់ទុកជាផ្នែកមួយដ៏សំខាន់នៃការងារសង្គម និងការចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ជាក់ស្តែង នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមជាមួយលោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារសាខាសមាគមនារីខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល ដោយបង្ហាញពីក្តីនឹករលឹក និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា សុខភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់មួយសម្រាប់ជីវភាពរស់នៅ និងការអភិវឌ្ឍន៍សង្គម។ ដូច្នេះ ការចូលរួមសួរសុខទុក្ខ និងលើកទឹកចិត្តដល់អ្នកជំងឺនៅពេលកំពុងជួបការលំបាក មិនត្រឹមតែជាការផ្តល់ជំនួយជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្តដ៏មានតម្លៃដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេផងដែរ។
ឯកឧត្តមបានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អ និងអាចវិលត្រឡប់ទៅកាន់គេហដ្ឋាន និងជួបជុំក្រុមគ្រួសារវិញក្នុងពេលឆាប់ៗ។
ជាមួយគ្នានោះ ឯកឧត្តមអ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ក្នុងការពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានចាត់ទុកថា ការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យនៅមូលដ្ឋាន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងកាន់តែមានភាពកក់ក្តៅ។ ជាពិសេស ការបម្រើប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈ គឺជាកត្តាដែលជួយបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះសេវាសុខាភិបាលនៅតាមមូលដ្ឋាន។
ការចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់អ្នកជំងឺនាពេលនេះ ក៏បានឆ្លុះបញ្ចាំងពីស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត និងសាខាសមាគមនារីខេត្តបន្ទាយមានជ័យ ក្នុងការចូលរួមជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ជាពិសេសនៅពេលដែលពួកគាត់កំពុងប្រឈមនឹងបញ្ហាសុខភាព និងត្រូវការការលើកទឹកចិត្តពីសង្គម។
សកម្មភាពនេះក៏ជាការបង្ហាញពីការចូលរួមរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក្នុងការងារមនុស្សធម៌ និងសង្គម ដោយរួមចំណែកជួយសម្រាលការលំបាកមួយផ្នែករបស់ប្រជាពលរដ្ឋ និងបង្កើនភាពជិតស្និទ្ធរវាងស្ថាប័ន អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។
តាមរយៈការយកចិត្តទុកដាក់ជាបន្តបន្ទាប់នេះ សារសំខាន់មួយដែលបានបញ្ជាក់ឡើង គឺ ការថែទាំសុខភាពប្រជាពលរដ្ឋ មិនមែនជាកិច្ចការរបស់វិស័យសុខាភិបាលតែមួយនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសង្គម។ ការផ្តល់សេវាព្យាបាលប្រកបដោយគុណភាព ផ្សារភ្ជាប់ជាមួយការផ្តល់កម្លាំងចិត្ត និងការជួយគ្នាក្នុងគ្រាលំបាក នឹងក្លាយជាកម្លាំងសំខាន់ក្នុងការកសាងសហគមន៍មួយដែលមានភាពកក់ក្តៅ និងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕
ដោយ ឈុន សារ៉ាត





