គម្រោងគជ់របស់អង្គការ FAO ជួយសហគមន៍ស្ដារព្រៃឈើ ៥៤ហិកតាឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ — កូនឈើប្រមាណ ៤០.០០០ដើម ត្រូវបានដាំនៅលើផ្ទៃដីទំហំ ៥៤ហិកតា ក្នុងតំបន់ការពារសហគមន៍អូរដាំដែក ខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សមាជិកសហគមន៍ គ្រូបង្រៀន និងសិស្សានុសិស្ស សរុបជាង ៣០០នាក់ ក្រោមគំនិតផ្តួចផ្តើមពី គម្រោងគជ់ (គម្រោង PEARL) របស់អង្គការ FAO។

លោក Daniel Mate មន្ត្រីគម្រោងជាន់ខ្ពស់នៃគម្រោង PEARL ដែល តំណាងអង្គការ FAO ប្រចាំកម្ពុជា បានមានប្រសាសន៍ថា "គម្រោង PEARL មិនមែនគ្រាន់តែផ្តោតលើការដាំដើមឈើប៉ុណ្ណោះទេ ប៉ុន្តែគម្រោងនេះក៏ជួយសហគមន៍ក្នុងការរៀបចំផែនការ និងការពារព្រៃឈើរបស់ពួកគេ ការបណ្តុះកូនឈើ ការទប់ស្កាត់អគ្គិភ័យឆេះព្រៃ ការល្បាតតំបន់ព្រៃឈើ និងការបង្កើតឱកាសរកប្រាក់ចំណូលដែលផ្សារភ្ជាប់ទៅនឹងធនធានព្រៃឈើផងដែរ។ នៅឆ្នាំ២០២៦ គម្រោងគជ់ នឹងគាំទ្រតំបន់ការពារធម្មជាតិដោយសហគមន៍ចំនួន៤ នៅក្នុងខេត្តកំពង់ធំ រួមមាន អូដំដែក ចំធ្លក ស្គរគ្រួច និងក្បាលដូនគ្រី ដើម្បីស្តារព្រៃឈើលើផ្ទៃដី ២០០ហិកតា ដោយប្រើប្រាស់កូនឈើប្រមាណ ១៥០.០០០ ដើម។ គម្រោងនេះមានគោលបំណងជួយស្តារព្រៃឈើលើផ្ទៃដី ១.០០០ហិកតា និងការពារផ្ទៃដីព្រៃឈើចំនួន ៧.០០០ហិកតាទៀត នៅទូទាំងខេត្តចំនួន៤ ត្រឹមឆ្នាំ២០២៩"។

ឯកឧត្តម ជួប ប៉ារីស រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា សកម្មភាពនេះគាំទ្រដល់អាទិភាពរបស់កម្ពុជាសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការងារទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ដើមឈើដែលបានដាំនៅថ្ងៃនេះ គឺជាជំហានតូចមួយឆ្ពោះទៅរកព្រៃឈើដែលមានសុខភាពល្អប្រសើរ សហគមន៍ដែលមានភាពធន់រឹងមាំ និងបរិស្ថានដ៏ល្អប្រសើរសម្រាប់មនុស្សជំនាន់ក្រោយ។ សម្រាប់កសិករ និងសហគមន៍ព្រៃឈើ ព្រៃឈើផ្តល់ម្លប់ ជួយរក្សាទឹកភ្លៀង កាត់បន្ថយផលប៉ះពាល់នៃខ្យល់បក់ខ្លាំង និងជាប្រភពនៃអាហារ និងប្រាក់ចំណូល ដូចជាទឹកឃ្មុំ ផលអនុផលព្រៃឈើ និងប្រព័ន្ធកសិ-រុក្ខកម្ម។

សកម្មភាពនេះដឹកនាំដោយក្រសួងបរិស្ថាន តាមរយៈគម្រោងគជ់ (គម្រោង PEARL) ដែលទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) និងសហការជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ វាគឺជាការរួមចំណែកស្ដារគម្របព្រៃឈើឡើងវិញ និងការពារធនធានធម្មជាតិដែលសហគមន៍ពឹងអាស្រ័យ៕
ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ FAO)





