រដ្ឋបាលខេត្តកណ្តាល បិទវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
AKP កណ្ដាល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ — រដ្ឋបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តកណ្តាល ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ ស្តីពីវិធីសាស្ត្រ និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាពលោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) និងលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមដល់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ អំពីជំនាញសម្រុះសម្រួល វិធីសាស្ត្រ និងនីតិវិធីច្បាប់ក្នុងការសម្របសម្រួលដោះស្រាយវិវាទផ្សេងៗនៅមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានតម្លាភាព។ កិច្ចការងារខាងលើនេះ ជាលទ្ធផលកើតចេញពីការសហការគ្នាល្អរវាងរដ្ឋបាលខេត្ត និង អ.ដ.ក ហើយរដ្ឋបាលខេត្តកណ្តាល ចំពោះការសម្រុះសម្រួលផ្សះផ្សាវិវាទជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគីសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈ ការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅក្នុងមូលដ្ឋានខេត្តកណ្តាល។

រដ្ឋបាលខេត្តកណ្តាល គឺខេត្តគោលដៅមុនគេបង្អស់ ដែលបានចុះអនុស្សារណៈយោគយល់គ្នា ហើយក៏ជាខេត្ត ដែលពោរពេញទៅដោយស្ថានភាពនៃការផ្តល់សេវាខ្ពស់ និងមានបញ្ហាប្រឈមជាច្រើន ដែលរដ្ឋបាលខេត្ត បានជួបប្រទះនាពេលកន្លង។ លោកអភិបាលរងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងអំពីវិធីសាស្ត្រ និងនីតិវិធីនៃការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីយកទៅអនុវត្តនៅក្នុងការសម្រុះសម្រួលវិវាទនានានៅមូលដ្ឋានតាមក្រុមការងាររៀងៗខ្លួន។

ថ្លែងនៅក្នុងពិធីនោះ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ស្តាប់ ការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍យ៉ាងសកម្មក្នុងអំឡុងពេលបណ្តុះបណ្តាល។ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការកែទម្រង់ដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការនាំយកសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន។ យន្តការនេះមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងតុលាការគ្រប់ជាន់ថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសុខដុមរមនា ភាពស្និទ្ធស្នាលក្នុងសហគមន៍ និងកាត់បន្ថយការចំណាយពេលវេលា ព្រមទាំងថវិការបស់ប្រជាពលរដ្ឋផងដែរ។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) តែងតែយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថា ការសម្រុះសម្រួលដោះស្រាយវិវាទប្រព្រឹត្តទៅដោយស្របតាមច្បាប់ នីតិវិធី និងប្រកបដោយក្រមសីលធម៌ខ្ពស់។
សូមបញ្ជាក់ដែរថា នៅក្នុងវគ្គនេះក៏មានការរៀបចំជាសកម្មភាពពិភាក្សាជាក្រុម ដោយបានលើកយកករណីសិក្សាជាក់ស្តែងមកធ្វើការវិភាគ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកយ៉ាងផុលផុស។ បន្ទាប់មក តំណាងក្រុមសិក្ខាកាមនីមួយៗបានឡើងធ្វើបទបង្ហាញអំពីលទ្ធផលនៃការពិភាក្សា ដំណោះស្រាយគំរូ និងវិធីសាស្ត្រសម្រុះសម្រួលប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តខេត្តកណ្តាល)





