ឧត្ដមសេនីយ៍ ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ នៅឃុំដងកាំបិត
AKP កំពង់ធំ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ — ឧត្តមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំសហការីអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខស្វែងយល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ នៅតាមខ្នងផ្ទះនៅភូមិស្រែវាលខាងលិច និងភូមិសំព័រតូចក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេតខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ព្រមទាំងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ដែលសម្តេច ឯកឧត្ដម និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាជាមួយគ្នានេះដែរ សម្តេច និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្ដមអភិបាលខេត្ត និងលោកជំទាវ សូមជូនពរដល់បងប្អូនមារមីង និងប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ ទោ សោម ស៊ុន បានឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ០៦ គ្រួសារ នៅភូមិសំព័រតូច ០៣គ្រួសារ និងភូមិស្រែវាលខាងលិច ចំនួន ០៣ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួន ០១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ០២យួរ និងត្រីខកំប៉ុងចំនួន ០១យួរ ហើយក៍បានជម្រាបអំពីសភាពការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា ថៃ ដែលកន្លងទៅពួកទាហានឈ្លានពានថៃ បានរំលោភបំពានជាបន្តបន្ទាប់មកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានរាយបន្លាលួស ដាដាក់ទូកុងតឺន័រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅបណ្ដាចំណុចមួយចំនួននៅក្រោយពេលបទឈប់បាញ់ចូលជាធរមាន។

រាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ខិតខំអត់ធ្មត់គោរពបទឈប់បាញ់ និងខិតខំប្រឹងប្រែងដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងតាមកិច្ចព្រមព្រៀងរវាងកម្ពុជា ថៃ ដែលនៅជាធរមាន មិនអាចប្រើប្រាស់កម្លាំងមករំលោភបំពាន កាន់កាប់ខុសច្បាប់ជាការកំណត់ព្រំដែនបានឡើយ។
លោក លុន យ៉េន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្ដមសេនីយ៍ ទោ សោម ស៊ុន និងក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ដែលតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាង ក្នុងការដោះស្រាយការលំបាកខ្វះខាតជូនដល់ប្រជាពលរដ្ឋនៅឃុំដងកាំបិត និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖ ស៊ុម វណ្ណា





