មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ រៀបចំកម្មវិធីប្រកួតជជែកដេញដោលយុវជនឆ្នាំ២០២៦ រដូវកាលទី៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
AKP កំពង់ធំ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ -- មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំបកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីប្រកួតជជែកដេញដោលយុវជន ឆ្នាំ២០២៦ រដូវកាលទី៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមអធិបតីលោក ជា វ៉ានចាន់ អភិបាលរងខេត្តកំពង់ធំនៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក អ៊ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានបង្ហាញពីគោលបំណងនៃការរៀបចំកម្មវិធីជជែកដេញដោលយុវជនឆ្នាំ២០២៦ នេះថា គឺជាការបណ្តុះបណ្តាលយុវជនខេត្តកំពង់ធំឱ្យក្លាយជាពលរដ្ឋសកល ឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោលក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលពួកគេជួបប្រទះតាមរយៈការសន្ទនា ការកសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃ ក្នុងការបញ្ចេញមតិ ដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម។

លោកបន្តថា ដើម្បីពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ការទាក់ទាញ ការគាំទ្រ និងជំនាញក្នុងការនិយាយជាសាធារណៈ ផ្ដល់ឱកាសឱ្យយុវជនមានបំណិនគិត វិភាគ ពិចារណា បញ្ចេញគំនិតយោបល់ កិច្ចសហការ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈ ក្នុងការជជែកដេញដោលក្នុងសមរភូមិគំនិតនៃសង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា។ បង្កើនបណ្តាញទំនាក់ទំនង ភាពស្និតស្នាលល្អ រវាងយុវជន និងយុវជន ដើម្បីផ្លាស់ប្ដូរបទពិសោធគ្នាក្នុងតម្លៃជាមិត្តភាព ពង្រីកធនធានយុវជន ដើម្បីអាចអភិវឌ្ឍន៍ខ្លួនក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិ។

ថ្លែងក្នុងឱកាសនោះ លោក ជា វ៉ាន់ចាន់ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកម្មវិធីជជែកដេញដោលយុវជនថា គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ផ្តល់ឱកាសឱ្យយុវជនបញ្ចេញមតិ ផ្លាស់ប្តូរយោបល់ និងបង្ហាញសមត្ថភាពក្នុងការគិតវិភាគ ស្រាវជ្រាវ និងការនិយាយជាសាធារណៈ តាមរយៈការជជែកដេញដោល ហើយយុវជនបានចូលរួមពិភាក្សាលើប្រធានបទសំខាន់ៗ ដោយផ្អែកលើចំណេះដឹង ហេតុផល និងភស្តុតាង ព្រមទាំងរៀនស្តាប់មតិរបស់អ្នកដទៃ និងគោរពទស្សនៈខុសគ្នា។ កម្មវិធីនេះមិនត្រឹមតែជាការប្រកួតប្រជែងផ្នែកសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ការកសាងទំនុកចិត្ត ភាពជាអ្នកដឹកនាំ ស្មារតីសហការ និងជំរុញឱ្យយុវជនក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់សង្គម និងប្រទេសជាតិ។
សូមបញ្ចាក់ថា កម្មវិធីប្រកួតថ្ងៃនេះមានចំនួន ២ប្រកួត មកពី ៤វិទ្យាល័យ ក្នុងនោះក្រុមទី១ គីវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ក្រុមស្រប ត្រូវប្រកួតជាមួយ វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ក្រុមបដិសេធ ក្រោមប្រធានបទ«ការគាំទ្រផលិតផលក្នុងស្រុក គឺបង្ហាញពីជាតិនិយមក្នុងការបង្កើនសុខដុមនីយកម្មនៃសង្គម និងសេដ្ឋកិច្ច » និងក្រុមទី២ គឺវិទ្យាល័យស្ទឹងសែន ក្រុមស្រប ត្រូវប្រកួតជាមួយ វិទ្យាល័យក្រយា ជាក្រុមបដិសេធ ក្រោមប្រធានបទ «លំហូចូលនៃវប្បធម៌បរទេស ជាមូលហេតុដែលធ្វើឱ្យសីលធម៌យុវជនខ្មែរធ្លាក់ចុះ»។ ជាលទ្ធផល ក្រុមដែលទទួលជ័យជំនេះឡើងទៅកាន់វគ្គផ្តាច់ព្រត្រ គឺបានទៅវិទ្យាល័យស្ទឹងសែន និងវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម៕
ដោយ៖ ស៊ុម វណ្ណា





