ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំមន្រ្ដីបច្ចេកទេសទៅពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវជនបទ ចំនួន ០៣ខ្សែ នៅក្នុងខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដជាថ្នាក់ដឹកនាំក្រសួង មន្រ្ដីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ នារសៀលថ្ងៃអង្គារទី២៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវជនបទ ចំនួន ០៣ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដែលរងការខូតខាត និងត្រូវជួលជុលបន្ទាន់ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដែលមាន៖
ខ្សែទី១- ឈ្មោះផ្លូវភូមិខ្នុរ-ស្រែវែង មានប្រវែង ២២គីឡូម៉ែត្រ តភ្ជាប់ពីភូមិខ្នុរ ឃុំនាងទើត ទៅភូមិស្រែវែង ឃុំទឹកជ្រៅ និងបន្តទៅរមណីយដ្ឋានទឹកធ្លាក់ហោង នៃភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាក្នុងឆ្នាំ២០១៩ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហាន២។


ខ្សែទី២- ឈ្មោះផ្លូវ ចុងជាច-បង្ហើរខ្លែង មានប្រវែង ១១គីឡូម៉ែត្រ តភ្ជាប់ពីទីប្រជុំជន ឃុំចុងជាច ទៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាជាពហុឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដោយនាយកដ្ឋានផ្លូវជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ។
ខ្សែទី៣៖ ឈ្មោះផ្លូវ ស្ទឹង-គោកចារ មានប្រវែង២២,៦៥គីឡូម៉ែត្រ តភ្ជាំប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ទៅភ្ជាប់នឹងផ្លូវជាតិលេខ៧៣ ត្រង់ភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាជាពហុឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ដោយកងវិស្វកម្មក្រសួងការពារជាតិ ក្រោមអាណាប័កក្រសួងអភិវឌ្ឍន៍ជនបទ។


សូមជម្រាបជូនដែរថា៖ ឯកឧត្តមរដ្ឋមន្ដ្រី ដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះត្រួតពិនិត្យផ្លូវនាឱកាសនោះ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងនូវទំហំនៃការទទួលរងការខូចខាត ដែលបង្កផលវិបាកដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។ តាមរយៈការចុះពិនិត្យជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ដ្រី បានចង្អុលបង្ហាញដល់នាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ពិនិត្យលទ្ធភាពដាក់បញ្ចូលខ្សែផ្លូវទាំង ៣ខ្សែនេះ ទៅក្នុងផែនការស្ដារឡើងវិញ ឬផែនការថែទាំខួប ផ្អែកតាមស្ថានភាពជាក់ស្តែងនាឆ្នាំបន្ទាប់ របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





