អង្គភាពប្រឆាំងអំពើពុករលួយបណ្តុះបណ្តាលជំនាញ AI ដល់ថ្នាក់ដឹកនាំ និងមន្ត្រី ដើម្បីជំរុញប្រសិទ្ធភាពការងារសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៦–ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានរៀបចំវគ្គបណ្ដុះបណ្ដាលវគ្គទី៥ ស្តីពី «ការប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារសាធារណៈ និងកិច្ចការព័ត៌មាន»។
គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាល រយៈពេល ១ថ្ងៃពេញ ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានប្រតិបត្តិការ។ កម្មវិធីនេះមានបទឧទ្ទេសនាម ដោយ ឯកឧត្តម លៀង សូរ្យរិទ្ធ ជំនួយការកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
យោងតាមការចុះផ្សាយ តាមទំព័រ ហ្វេសប៊ុក របស់អង្គភាព ប្រឆាំងអំពើពុករលួយ បានឱ្យដឹងថាការរៀបចំកម្មវិធីនេះ គឺជាជំហានយុទ្ធសាស្ត្រសំខាន់មួយ ក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងធ្វើទំនើបកម្មប្រព័ន្ធការងាររដ្ឋបាលក្នុងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព។


ឯកឧត្តម លៀង សូរ្យរិទ្ធ បានឱ្យដឹងថាវគ្គសិក្សានេះ សិក្ខាកាមទាំងអស់បានសិក្សា និង ទទួលបានចំណេះដឹង ព្រមទាំងបទពិសោធន៍អនុវត្តផ្ទាល់លើមូលដ្ឋានគ្រឹះនៃ AI បច្ចេកទេសបង្កើតបញ្ជា និងសំណួរ (Prompt Engineering) ព្រមទាំងការប្រើប្រាស់ឧបករណ៍ AI ទំនើបៗ ដូចជា ChatGPT, Perplexity AI, Notta AI និង Gamma AI ជាជំនួយក្នុងការងារជាក់ស្តែង។ ទន្ទឹមនឹងនេះ វគ្គបណ្ដុះបណ្ដាលក៏បានសង្កត់ធ្ងន់ឱ្យមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ គោរពតាមបទដ្ឋានសុវត្ថិភាព ក្រមសីលធម៌ និងការការពារទិន្នន័យសម្ងាត់របស់ស្ថាប័នផងដែរ។


គួរបញ្ជាក់ថាការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយ នៃ ការយកចិត្តទុកដាក់ប្រកបដោយចក្ខុវិស័យ ក្នុងការបន្តអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងធ្វើទំនើបកម្មប្រព័ន្ធការងាររបស់ស្ថាប័នឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា ដើម្បីឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់អាចទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា AI មកជួយបង្កើនគុណភាព ផលិតភាព និងប្រសិទ្ធភាពការងារសាធារណៈឱ្យកាន់តែប្រសើរឡើង៕

ដោយ៖មករា





