ឯកឧត្តម ប៊ិន ត្រឈៃ បានអនុញ្ញាតឱ្យឯកឧត្តម ប៉ាង ឈីវី (Mr Steven Pang Chee Wee) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យឯកឧត្តម ប៉ាង ឈីវី (Mr Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ប៉ាង ឈីវី (Mr Steven Pang Chee Wee) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដោយឯកឧត្តមបានបញ្ជាក់ពីការគាំទ្រ និងផ្តល់នូវកិច្ចសហការយ៉ាងពេញលេញ ហើយសង្ឃឹមថា តាមរយៈអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរីកាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនងល្អជាប្រពៃណី និងយូរអង្វែងរវាងប្រទេសទាំងពីរ ចាប់តំាងពីសិង្ហបុរីមុនទទួលបានឯករាជ្យ ហើយកម្ពុជាជាប្រទេសដែលបានគាំទ្រឯករាជ្យរបស់សិង្ហបុរី ដែលបានបន្តវេនពីថ្នាក់ដឹកនាំគ្រប់ជំនាន់ ចាប់តាំងពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តម លី ក្វាន់យូ រហូតដល់ថ្នាក់ដឹកនាំជំនាន់បច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស សិង្ហបុរីបានជួយបណ្តុះបណ្តាលមន្ត្រីរដ្ឋាភិបាលកម្ពុជាចំនួន ១៩,០០០នាក់ រួមទាំងការផ្តល់វគ្គបណ្តុះបណ្តាលតាមជំនាញជាក់ស្តែងស្របតាមតម្រូវការស្ថាប័នកម្ពុជា តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាល សិង្ហបុរី-កម្ពុជា នៅរាជធានីភ្នំពេញ។ ឯកឧត្តមឯកអគ្គរដ្ឋទូតមានការចាប់អារម្មណ៍ជាខ្លាំងក្នុងការចូលរួមចំណែកជួយគាំទ្រដល់កម្ពុជាក្នុងដំណាក់កាលនៃការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច(LDCs) ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនថាជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជានឹងចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច(LDCs)ក្នុងឆ្នាំ២០២៩ ហើយបច្ចុប្បន្ននេះ ក្រសួងផែនការកំពុងរៀបចំយុទ្ធសាស្ត្រអន្តរកាលចាកចេញដោយរលូនរបស់កម្ពុជាសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (STS-LDC Cambodia) ដែលគ្រោងនឹងដាក់ឆ្លងគណៈរដ្ឋមន្ត្រីនៅដំណាច់ឆ្នាំនេះ និងបានស្នើសុំភាគីសិង្ហបុរីជួយពង្រឹងលើការងារតាមដាន-វាយតម្លៃ (M&E) និងគោលនយោបាយបម្រែបម្រួលប្រជាសាស្ត្រ រួមទាំងការផ្លាស់ប្តូរទស្សនកិច្ចសិក្សានៅសិង្ហបុរីផងដែរ។
ភាគីទាំងពីរ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផែនការ ស្ថិតិ និងការអភិវឌ្ឍប្រជាសាស្ត្រឱ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងផែនការ)





