ពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ ត្រូវរុះរើផ្ទះ ពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ៦៣គ្រួសារ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណ: អនុប្រធានអចិន្រ្តៃយ៍គណកម្មាធិការសាខា នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្ដល់ជូន គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់ នៃទឹកជំនន់ទន្លេមេគង្គ បណ្ដាលឱ្យបាក់ច្រាំង ត្រូវរុះរើផ្ទះ ចំនួន៣០គ្រួសារ និងគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៣៣គ្រួសារ សរុបចំនួន៦៣គ្រួសារ ស្ថិតនៅក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។


ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណ: បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណ:កម្មាធិការសាខា នឹងជាពិសេសពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្ដេច តែងបានយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ ឬសាសនា អ្វីឡើយ បើទោះបីជា សម្តេចប្រធាន មិនបានអញ្ជើញមកដោយផ្ទាល់ ក៏សម្តេច តែងបានចាត់តំណាង ដែលមានសាខាកាកបាទក្រហមកម្ពុជាខេត្តចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជូនជនរងគ្រោះ និងងាយរងគ្រោះបំផុត ឱ្យបានទាន់ពេលវេលា ដូចពាក្យស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមមានគ្រប់ទីកន្លែង មិនទុកនរណាម្នាក់ចោល»។ អំណោយមនុស្សធម៌ទាំងនេះ គឺគ្រាន់តែជួយសម្រួលទុក្ខលំបាកបងប្អូន បានមួយគ្រាប៉ុណ្ណោះ ហេតុនេះហើយសូមបងប្អូនទាំងអស់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះគ្រោះធម្មជាតិដែលកំពុងកើតឡើងនេះ និងគិតគូរពីសុខភាព អនាម័យផ្ទាល់ ព្រមទាំងជំងឺឆ្លង និងជំងឺមិនឆ្លងទាំងឡាយ។
អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារមាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១ដប និងថវិកាមួយចំនួនផងដែរ៕



ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





