ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា មានក្មេងទំនើង និងជនងប់ល្បែងជិត ១៣០នាក់ ត្រូវបាន សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦–ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ មានក្មេងទំនើង និងជនងប់ល្បែងជិត ១៣០នាក់ ត្រូវបានត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ នេះបើតាមក្រសួងមហាផ្ទៃ។
ក្នុងចំណោមករណីសរុប ករណីក្មេងទំនើងមាន ២៧ករណី ដោយសមត្ថកិច្ចបានឃាត់ខ្លួនចំនួន ១១៩នាក់បញ្ជូនទៅតុលាការ ខណៈករណីល្បែងស៊ីសងមាន ១០ករណី ឃាត់ខ្លួនចំនួន ១៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការ ១០នាក់ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ៧នាក់។
បើតាមរបាយការណ៍មូលដ្ឋានដែលសមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើង រួមមាន រាជធានីភ្នំពេញ ខេត្ត
កណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ ក្រចេះ រតនគិរី និងខេត្តស្វាយរៀង ខណៈករណីល្បែងស៊ីសងវិញ មាននៅខេត្តកណ្តាល កំពត កំពង់ចាម និងខេត្តស្វាយរៀង។
យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង អ្នកលេងល្បែងប្រឈមការផ្ដន្ទាទោសពិន័យជាប្រាក់ ឬដាក់ពន្ធនាគារពី ១ថ្ងៃ ដល់ ១ខែ (ឬទាំងពីរ) ខណៈអ្នកបើក អ្នកចាត់ចែងវង់ល្បែងប្រឈមការដាក់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យប្រាក់ពី ៥លាន ដល់ ២០លានរៀល។
មែនទែនទៅពាក្យថា «ក្មេងទំនើង» មិនមែនជាពាក្យបច្ចេកទេស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយផ្ទាល់នោះទេ ប៉ុន្តែទង្វើដែលក្មេងទំនើងភាគច្រើនប្រព្រឹត្ត ត្រូវទទួលទោសទណ្ឌយ៉ាងធ្ងន់ធ្ងរតាម ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមប្រភេទបទល្មើស។
ប្រភេទបទល្មើស និងទោស រួមមាន បទហិង្សាដោយចេតនា ដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ដល់ ៦លានរៀល បទធ្វើឱ្យខូចខាតដោយចេតនា ដូចជាការកាប់បំផ្លាញម៉ូតូ ឡាន ឬទ្រព្យសម្បត្តិសាធារណៈ/ឯកជន ដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ដល់ ៤លានរៀល។
ក្រៅពីនេះ ប្រសិនបើការដេញកាប់គ្នាបណ្តាលឱ្យមានមនុស្សស្លាប់ ឬមានចេតនាសម្លាប់ ដោយត្រូវចោទប្រកាន់ពីបទ «ឃាតកម្ម» ឬ «ប៉ុនប៉ងឃាតកម្ម» ប្រឈមមុខនឹងការដាក់ពន្ធនាគារពី ១០ឆ្នាំ ដល់ ២០ឆ្នាំ និងប្រសិនបើយកតាមខ្លួននូវដាវ កាំបិត កែច្នៃ ឬអាវុធផ្សេងៗក្នុងបំណងបង្កហិង្សា អាចនឹងដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ថែមទៀតផង៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





