គណៈប្រតិភូ UNA ប្រទេសអាល្លឺម៉ង់ បានមកបំពេញទស្សនកិច្ចនៅអង្គការ FAO ប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦–អង្គការ FAO ប្រចាំកម្ពុជា បានស្វាគមន៍គណៈប្រតិភូមួយក្រុមមកពីសមាគមអង្គការ សហប្រជាជាតិប្រចាំប្រទេសអាល្លឺម៉ង់ (UNA Germany) ដែលដឹកនាំដោយលោកបណ្ឌិត Ekkehard Griep ប្រធានក្រុមប្រឹក្សាភិបាល នៅការិយាល័យ FAO ក្នុងរាជធានីភ្នំពេញ។

គណៈប្រតិភូបានជួបពិភាក្សាជាមួយលោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា និងមន្ត្រីរបស់ FAO ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចការរបស់ FAO ដែលសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធនានា។ កិច្ចពិភាក្សាបានផ្តោតលើប្រព័ន្ធកសិ-ស្បៀងរបស់កម្ពុជា រួមទាំងបញ្ហាប្រឈមសំខាន់ៗក្នុងការអភិវឌ្ឍ ការគាំទ្ររបស់ FAO នៅទូទាំងប្រទេស និងតួនាទីនៃភាពជាដៃគូក្នុងការលើកកម្ពស់សន្តិសុខស្បៀង កសិកម្មប្រកបដោយនិរន្តរភាព និងជីវភាពរស់នៅដែលមានភាពធន់។

ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចសិក្សារបស់ UNA ប្រទេសអាល្លឺម៉ង់ មកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ ដោយមានគោលបំណងស្វែងយល់បន្ថែមអំពីការងាររបស់អង្គការសហប្រជាជាតិ នៅកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ៕

ដោយ៖ ណយ នឿន (ប្រភព៖FAO)





