ការលើកកម្ពស់គុណភាពសេវាសាធា រណៈ គឺជាចំណុចស្នូលនៃការកសាងរដ្ឋបាលដែលបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--លោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យ បានលើកឡើងថា ការចាប់ ផ្តើមអនុវត្តកម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេ សកម្ពុជា ដំណាក់កាលទី២ ឬហៅកាត់ថា កម្មវិធី ISD II គឺជាឱកាសសំខាន់មួយសម្រាប់រដ្ឋបាលស្រុកមង្គលបូរី ក្នុងការពង្រឹងប្រសិទ្ធភាពការងារ កែលម្អគុណភាពសេវាសាធារណៈ និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាកាន់តែឆាប់រហ័ស តម្លាភាព និងឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់ពួកគេ។ 
ការលើកឡើងនេះធ្វើឡើងក្នុងសិក្ខាសា លាផ្សព្វផ្សាយស្តីពី ការចាប់ផ្តើមអនុវត្តកម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ដំណា ក់កាលទី២ (ISD II) ដែលរដ្ឋបាលស្រុកមង្គលបូរី និងកម្មវិធី ISD II បានសហការរៀបចំឡើង នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុក និងលោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គល បូរី ដោយមានការចូលរួមពីសមាជិកក្រុមប្រឹ ក្សាស្រុក អភិបាលរងនាយក-នា យករងរដ្ឋបាល ប្រធាន-អនុប្រធានការិយាល័យ និងក្រុមការងារ ISD II សរុបចំនួន ៣៩នាក់ ក្នុងនោះស្ត្រី ១៣នាក់។
លោក កែវ តារារស្មី បានផ្តោតសំខាន់លើការចូលរួមរបស់មន្ត្រី និងអ្នកពាក់ព័ន្ធគ្រប់រូប ដោយចាត់ទុកថា ការកែលម្អសេវាសាធារណៈមិនមែនជាការងាររបស់មន្ត្រីមួយរូប ឬការិយាល័យណាមួយតែឯងនោះទេ ប៉ុន្តែជាកិច្ចការរួមដែលត្រូវការការសហការគ្នាយ៉ាងជិតស្និទ្ធ ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ផ្នែក។
លោកអភិបាលស្រុកមង្គលបូរីបានបញ្ជាក់ពីសារៈសំខាន់នៃការផ្តល់សេវាដែលមានគុណភាព ដោយត្រូវផ្តោតលើប្រជាពលរដ្ឋជាអ្នកទទួលផលផ្ទាល់។ តាមរយៈការអនុវត្តកម្មវិធី ISD II រដ្ឋបាលស្រុកត្រូវបន្តពិនិត្យ និងកែលម្អនីតិវិធីការងារ កាត់បន្ថយភាពស្មុគ ស្មាញដែលមិនចាំបាច់ និងជំរុញឱ្យការផ្តល់សេវាមានភាពងាយស្រួល ឆាប់រ ហ័ស និងមានការទទួលខុសត្រូវច្បាស់លាស់។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ការបម្រើប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងវិជ្ជាជីវៈ គឺជាកត្តាសំខាន់ក្នុងការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលមូលដ្ឋាន។ ដូច្នេះ មន្ត្រីគ្រប់រូបត្រូវមានអាកប្បកិរិយាសមរម្យ សុជីវធម៌ និងយកចិត្តទុកដាក់ចំពោះសំណើ សំណួរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។
លោក កែវ តារារស្មី ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធយកចំណេះដឹង និងបទពិសោ ធន៍ដែលទទួលបានពីសិក្ខាសាលា ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ មិនត្រឹមតែផ្តោតលើការអនុវត្តតាមនីតិវិធីប៉ុណ្ណោះ ទេ ប៉ុន្តែត្រូវផ្តោតលើ លទ្ធផលនៃសេវា និងការពេញចិត្តរបស់ប្រជាពលរដ្ឋ ជាចម្បង។
សិក្ខាសាលានេះក៏ជាវេទិកាសម្រាប់អ្នកចូ លរួមស្វែងយល់ឱ្យបានកាន់តែច្បាស់អំពីគោលបំណង ទិសដៅ និងការអនុវត្តកម្មវិធី ISD II ព្រមទាំងផ្លាស់ប្តូរយោបល់ និងលើកឡើងពីបញ្ហាប្រឈមនានាដែលអាចកើតមានក្នុងដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូល ដ្ឋាន។
តាមរយៈការចូលរួមរបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងក្រុមការងារ ISD II សិក្ខាសាលានេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលស្រុកមង្គលបូរី ក្នុងការចូលរួមអនុវត្តកម្មវិធីឱ្យមានប្រសិទ្ធ ភាព និងមានលទ្ធផលជាក់ស្តែង។ ការកែលម្អសេវាសាធារណៈ មិនត្រឹមជាការកែសម្រួលដំណើរការរដ្ឋបាលប៉ុណ្ណោះ ទេ ប៉ុន្តែជាផ្នែកមួយនៃការកសាងរដ្ឋបាលមូលដ្ឋានដែលមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងផ្តោតលើប្រជាពលរដ្ឋ៕
ដោយ ៖ឈុនសារ៉ាត





