គម្រោង «TREEHOUSE» នៅភ្នំគូលែន ជំរុញទេសចរណ៍ធម្មជាតិប្រកបដោយចីរភាព
AKP សៀមរាប ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផលបឋមនៃរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) សម្រាប់គម្រោងទេសចរណ៍ធម្មជាតិ «TREEHOUSE» នៅតំបន់ភ្នំគូលែន ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនម្ចាស់គម្រោង និងភាគីពាក់ព័ន្ធនានា។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានឱ្យដឹងថា គម្រោង «TREEHOUSE» ស្ថិតនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ស្រុកស្វាយលើ ខេត្តសៀមរាប ដោយផ្តោតលើការអភិវឌ្ឍន៍ផ្ទះលំហែ និងសេវាកម្មស្នាក់នៅបែបធម្មជាតិ ដើម្បីផ្តល់បទពិសោធន៍ទេសចរណ៍ផ្សារភ្ជាប់ជាមួយបរិស្ថាន និងសោភ័ណភាពធម្មជាតិនៃតំបន់។

កិច្ចប្រជុំបានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ដោយគិតគូរពីការការពារធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ព្រមទាំងការគ្រប់គ្រងសំណល់ ទឹកកខ្វក់ និងផលប៉ះពាល់ផ្សេងៗ។


អាជ្ញាធរខេត្តបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមផ្តល់មតិយោបល់ ដើម្បីធានាថា គម្រោងនេះអាចអភិវឌ្ឍបានប្រកបដោយតម្លាភាព ការទទួលខុសត្រូវ និងចីរភាព ស្របតាមគោលការណ៍ «អភិវឌ្ឍដោយមិនបំផ្លាញធម្មជាតិ» និងរួមចំណែកលើកកម្ពស់សក្តានុពលទេសចរណ៍របស់ភ្នំគូលែន៕
ដោយ ឃុត សៅ





