វេទិការការងារ ស្តីពី សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយឱកាសការងារជូនពលករ យុវជន ប្រជា ពលរដ្ឋមូលដ្ឋាននៅស្រុកជ័យសែន ខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី២២ ខែសីហា ២០២៦---
ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជី វៈ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងវេទិការការងារ សន្តិសុខសង្គម និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយឱកាសការងារជូនពលករ យុវជន ប្រជាពលរដ្ឋមូលដ្ឋាន នាថ្ងៃសុក្រទី២១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបរិវេ ណសាលាស្រុកជ័យសែន ខេត្តព្រះវិ ហារ។
ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ថា អង្គវេទិកានេះត្រូវបានរៀបចំឡើងក្នុងគោល បំណងផ្សព្វផ្សាយព័ត៌មានអាហារូប ករណ៍ និងឱកាសការងារក្នុងស្រុកដែលមានយ៉ាងសម្បូរបែបជូនដល់ពលករ យុវជន និងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ ការមានចំណេះដឹង និងជំនាញវិជ្ជាជីវៈ គឺជាមូលដ្ឋានសម្រាប់ឱ្យយុវជនមានការងារធ្វើ មានប្រាក់ចំណូល និងអាចជួយលើកកម្ពស់ជីវភាពគ្រួសារ។ ឯកឧត្តមថ្លែងអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ឱ្យចូលរួមស្វែងយល់ និងប្រើប្រាស់ឱកាសដែលរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបានផ្តល់ជូន ជាពិសេសឱកាសការងារ អាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។


ឯកឧត្តម យឹម ស៊ីណន បានថ្លែងថា ការផ្សព្វផ្សាយព័ត៌មានការងារ និងការបណ្តុះបណ្តាលជំនាញទៅដល់មូលដ្ឋាន គឺមានសារៈសំខាន់ ដើម្បីឱ្យប្រជាពលរដ្ឋ និងជាពិសេសយុវជន អាចទទួលបានព័ត៌មានដោយផ្ទាល់ និងមានជម្រើសកាន់តែច្រើនក្នុងការសិក្សា និងស្វែងរកការងារសមស្រប។ការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជួយឱ្យយុវជនមានសមត្ថភាពប្រកបអាជីព មានប្រាក់ចំណូល និងមានលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារការងារ។

ឯកឧត្តម ក៏បានលើកទឹកចិត្តដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចាប់យកឱកាសសិក្សាជំនាញដែលមានការគាំទ្រ និងមានតម្រូវការនៅលើទីផ្សារ ដើម្បីអភិវឌ្ឍសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្ម និងចូលរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ ព្រមទាំងអភិវឌ្ឍន៍សង្គមជាតិ ៕


ដោយ៖ទិត ស្រ៊





