ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតម្រូវឱ្យមានភាពជាដៃគូកាន់តែរឹងមាំ
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--«ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តម្រូវឱ្យមានភាពជាដៃគូកាន់តែរឹងមាំ និងយន្តការហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍»។ នេះជាការថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងសិក្ខាសាលាពហុភាគីរយៈពេលពីរថ្ងៃ ស្តីពី «ហិរញ្ញប្បទានសម្រាប់តំបន់ ទេសភាព និងកសិកម្មដែលមិនប៉ះពាល់ដល់ធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា» ដែលរៀបចំដោយអង្គការ WWF-កម្ពុជា នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពសំខាន់ៗ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើយុទ្ធសាស្ត្រស្នូលធំៗគឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ដោយផ្តោតលើការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ កំណើនសេដ្ឋកិច្ចបៃតង ការបង្កើនគម្របព្រៃឈើឱ្យច្រើន និងអព្យាក្រឹតភាពកាបូននៅ ត្រឹមឆ្នាំ២០៥០។

បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន «ការអភិរក្ស និងស្តារធម្មជាតិ មិនត្រឹមតែជាកាតព្វកិច្ចផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគសម្រាប់វិបុលភាពរបស់កម្ពុជានាពេលអនាគតផងដែរ។ សំណួរនាពេលនេះ មិនមែនថា តើយើងគួរវិនិយោគលើធម្មជាតិឬអត់នោះទេ ប៉ុន្តែគឺថា តើយើងអាចកៀរគរហិរញ្ញប្បទានក្នុងទំហំគ្រប់គ្រាន់ ដើម្បីគាំទ្រប្រព័ន្ធផលិតកម្មវិជ្ជមានចំពោះធម្មជាតិ និងការគ្រប់គ្រងតំបន់ទេសភាពប្រកបដោយ ចីរភាពយ៉ាងដូចម្តេច»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្ថែមថា ការងារខាងលើនេះតម្រូវឱ្យមានកិច្ចសហការកាន់តែរឹងមាំរវាងរាជរដ្ឋាភិបាល គ្រឹះស្ថាន ហិរញ្ញវត្ថុ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ដើម្បីបង្កើតដំណោះស្រាយដែលមានសក្តានុពលទាក់ទាញការវិនិយោគ និងផ្តល់ផលវិជ្ជមានដល់ជីវៈចម្រុះ អាកាសធាតុ ជីវភាពរស់នៅ និងកំណើនសេដ្ឋកិច្ច។ តាមរយៈភាពស្របគ្នាចំពោះការផ្តល់ហិរញ្ញវត្ថុ ឱ្យស្របតាមគោលដៅចីរភាព កម្ពុជាអាចទាក់ទាញប្រភពមូលធនថ្មីៗ និងកសាងតំបន់ទេសភាពដែលមានភាពធន់ ព្រមទាំងផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ទាំងប្រជាជន និងធម្មជាតិ»។

សូមជម្រាបជូនថា តំបន់ទេសភាពខ្ពង់រាបភាគខាងកើត ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏មានសារៈសំខាន់ និងជាតំបន់ព្រៃរបោះមួយដែលមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផ្តល់ឱកាសជាពិសេសក្នុងការបង្ហាញថា ការ គ្រប់គ្រងតំបន់ទេសភាពប្រកបដោយសមាហរណកម្ម និងកសិកម្មដែលមិនប៉ះពាល់ដល់ធម្មជាតិ គឺ អាចរួមចំណែកអភិរក្សជីវៈចម្រុះដែលមានសារៈសំខាន់ជាសកល ព្រមទាំងគាំទ្រដល់ជនជាតិដើមភាគតិច សហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងនាមជាតំបន់ទេសភាពអាទិភាព សម្រាប់ការអភិរក្ស តំបន់នេះក៏ផ្តល់ឱកាសដ៏សំខាន់សម្រាប់សាកល្បងនូវដំណោះស្រាយហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ដែលអាចផ្តល់ជាមេរៀន និងពង្រីកការអនុវត្តទៅកាន់តំបន់ទេសភាពផ្សេងទៀតនៅកម្ពុជា។
លោក Janes Imanuel Ginting នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា សិក្ខាសាលានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពស្របគ្នានៃហិរញ្ញប្បទាន គោលនយោបាយ និងភាពជាដៃគូ ដើម្បីសម្រេចបានលទ្ធផលរយៈពេលវែងសម្រាប់ការអភិរក្ស និងការអភិវឌ្ឍ។ «ប្រព័ន្ធអេកូឡូស៊ី ដែលមានភាពរឹងមាំ និងមានសុខភាពល្អ គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចដែលមានភាពធន់ និងសហគមន៍ដែលមានវិបុលភាព។ តាមរយៈហិរញ្ញប្បទានសម្រាប់តំបន់ទេសភាព យើងអាចសហការជាមួយ រាជរដ្ឋាភិបាលគ្រឹះស្ថានហិរញ្ញវត្ថុ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ មករួមគ្នាវិនិយោគលើ តំបន់ទេសភាពដែលផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជន ធម្មជាតិ និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។ រួមគ្នា យើងអាចបង្ហាញថា ការអភិរក្ស និងការអភិវឌ្ឍ មិនមែនជាអាទិភាពដែល ប្រកួតប្រជែងគ្នានោះទេ ប៉ុន្តែជាការវិនិយោគដែលបំពេញបន្ថែមគ្នា សម្រាប់អនាគតរបស់កម្ពុជា»។

នាយកអង្គការ WWF-កម្ពុជា បានសង្កត់ធ្ងន់ថា «ការវិនិយោគពីថវិកាសាធារណៈតែមួយមុខ នឹងមិនគ្រប់គ្រាន់សម្រាប់សម្រេចគោលដៅអាកាសធាតុ និងជីវៈចម្រុះរបស់កម្ពុជានោះទេ»។ គោលបំណងសំខាន់មួយរបស់សិក្ខាសាលានាពេលនេះ គឺជាការចូលរួមពីតំណាងដៃគូរាជរដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ វិស័យកសិធុរកិច្ច ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសហគមន៍ ដើម្បីរួមគ្នាកំណត់ឱកាសអាទិភាពសម្រាប់តំបន់ទេសភាព លក្ខខណ្ឌអំណោយផល ដៃគូអនុវត្ត និងមាគ៌ាវិនិយោគ ដែលអាចបង្កើតទាំងផលប្រយោជន៍ផ្នែកបរិស្ថាន និងផលចំណេញផ្នែកសេដ្ឋកិច្ច។
ទន្ទឹមនេះ សិក្ខាសាលានឹងពិនិត្យផងដែរអំពីរបៀបដែលថវិកាសាធារណៈ និងជំនួយមូលនិធិ អាចដើរតួនាទីជាកម្លាំងជំរុញដ៏សំខាន់ ក្នុងការគាំទ្រការវិភាគ និងវាយតម្លៃក្នុង តំបន់ទេសភាព ការរៀបចំគម្រោង ការបង្កើតលក្ខខណ្ឌអំណោយផល និងការកាត់បន្ថយហានិភ័យ ព្រមទាំងជួយកៀរគរការចូលរួមពីវិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍។ ដំណោះស្រាយដែលអាចអនុវត្តបាន រួមមានហិរញ្ញវត្ថុបៃតង ហិរញ្ញប្បទានរួម ហិរញ្ញប្បទានសម្រាប់អាកាសធាតុ និងជីវៈចម្រុះ ព្រមទាំងវិធានការក្នុងវិស័យហិរញ្ញវត្ថុ ដែលជំរុញការបង្វែរលំហូរមូលធនឆ្ពោះទៅរកកសិកម្ម ដែលមិនប៉ះពាល់ដល់ធម្មជាតិ និងការស្តារប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយការវិនិយោគលើសកម្មភាព ដែលផ្តល់ផលប៉ះពាល់ដល់ភាពធន់ក្នុងតំបន់ទេសភាព។
លោក Chris Howe នាយកផ្នែកកម្មវិធី និងផលសម្រេចនៃការងារអភិរក្ស ប្រចាំតំបន់អាស៊ី អាគ្នេយ៍ នៃអង្គការ WWF អន្តរជាតិ បានគូសបញ្ជាក់ពីសន្ទុះកាន់តែខ្លាំងក្នុងការជំរុញហិរញ្ញប្បទាន សម្រាប់តំបន់ទេសភាពនៅទូទាំងតំបន់។ «នៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក យើងកំពុងឃើញការ ទទួលស្គាល់កាន់តែច្បាស់ថា ធម្មជាតិ គឺជាទ្រព្យសម្បត្តិធម្មជាតិ និងសេដ្ឋកិច្ចដ៏មានតម្លៃបំផុតមួយ របស់យើង។ កម្ពុជាមានឱកាសក្លាយជាប្រទេសឈានមុខ តាមរយៈការបង្ហាញថា ហិរញ្ញប្បទាន សម្រាប់តំបន់ទេសភាពអាចភ្ជាប់ការអភិរក្ស កសិកម្មប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន។ តាមរយៈកិច្ចសហការរវាងគ្រប់វិស័យ យើងអាចកៀរគរវិនិយោគដែលផ្តល់អត្ថប្រយោជន៍ដែលអាចវាស់វែងបាន ដល់ជីវៈចម្រុះ ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ប្រព័ន្ធ ស្បៀងអាហារ និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»។
ក្នុងរយៈពេលពីរថ្ងៃនេះ អ្នកចូលរួមនឹងពិភាក្សាអំពីយន្តការហិរញ្ញប្បទានជាក់ស្តែង ផ្លាស់ប្តូរបទពិសោធន៍ក្នុងតំបន់ កំណត់ឧបសគ្គ និងឱកាស ពង្រឹងភាពជាដៃគូ និងរៀបចំអនុសាសន៍ ដើម្បីជំរុញហិរញ្ញប្បទានសម្រាប់តំបន់ទេសភាពនៅកម្ពុជា។ ស្របតាមវិធីសាស្ត្រ LFA របស់អង្គការ WWF សិក្ខា សាលានេះនឹងផ្សារភ្ជាប់ហានិភ័យ និងឱកាសនៅក្នុងតំបន់ទេសភាព ជាមួយយន្តការហិរញ្ញប្បទាន និងដៃគូអនុវត្តដែលសមស្រប។

លើសពីនេះទៅទៀត សិក្ខាសាលានេះរំពឹងថា នឹងគាំទ្រដល់មាគ៌ារយៈពេលវែងចាប់ពីការវិភាគ និងវាយតម្លៃតំបន់ទេសភាព ការកសាងការឯកភាព និងការសម្របសម្រួលរវាងអ្នកពាក់ព័ន្ធ ការរៀបចំយន្តការហិរញ្ញប្បទាន ការអនុវត្ត រហូតដល់ការតាមដានផលប៉ះពាល់។ ដំណើរការនេះនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគប្រកបដោយចីរភាព ក្នុងការអភិរក្សជីវៈចម្រុះ ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាស ធាតុ កសិកម្មដែលមិនប៉ះពាល់ដល់ធម្មជាតិ និងវិបុលភាពនៅតំបន់ជនបទ។ កម្ពុជាមានឱកាស ពិសេសក្នុងការបង្ហាញថា ការអភិវឌ្ឍវិជ្ជមានចំពោះធម្មជាតិ និងហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ អាចជំរុញការអភិរក្សជីវៈចម្រុះ សកម្មភាពអាកាសធាតុ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព ស្របតាមចក្ខុវិស័យជាតិ «ប្រជាជន ធម្មជាតិ និងវិបុលភាព»៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សួស សាវី





