ឯកឧត្តម ឱម យ៉ិនទៀង អញ្ជើញបើវិញ្ញាសារប្រឡង នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ
AKP កណ្តាល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--ដើម្បីធានាថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សិក្សា ទុតិយភូមិប្រព្រឹត្តិទៅ ប្រក បដោយសណ្តាប់ធ្នាប់រៀបរយល្អ មានភាពយុត្តិធម៌ មានគុណភាព និងតម្លាភាព នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ កម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការប្រឡង និងអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ឆ្នាំ២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្ត និងផ្តាំផ្ញើរដល់ក្មួយៗ ជាសិស្សានុសិស្សទាំងអស់ សូមកុំមានការភិតភ័យ ត្រូវខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព និងចំ ណេះដឹងរបស់ខ្លួន ពិសេសសូមក្មួយៗសិស្សានុសិស្សត្រូវតែខិតខំធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា និងសូមបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ករណីរកឃើញនោះនឹងត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រ វត្តិ។

ឯកឧត្តម បានជូនពរ ដល់សិស្សានុ សិស្ស ទាំងអស់ សូមទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រឡងឆ្នាំនេះ ដើម្បីជាទុនសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្តទៀត។

សូមជម្រាបថា យោងតាមរបាយការណ៍ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា ក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តកណ្តាលមាន មណ្ឌលប្រឡងសរុបចំនួន ២០មណ្ឌល ស្មើនឹង ៥៤២បន្ទប់ប្រឡង។ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៦មណ្ឌល ស្មើនឹង ១២៥បន្ទប់ មានបេក្ខជន ៣ ០២៣នាក់ ខណៈថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១៤មណ្ឌល ស្មើនឹង ៤១៧បន្ទប់ មានបេក្ខជន ១០ ២៨១នាក់ សរុបបេក្ខជនទាំងអស់មាន ១៣ ៣០៤នាក់ ក្នុងនោះស្រី ៧ ៥២៨នាក់ ៕

ដោយ៖ ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តកណ្តាល





