បណ្ណកម្មសិទ្ធិដីធ្លី៖ មិនត្រឹមតែជាលិខិតរដ្ឋបាល តែជា បង្អែកសេដ្ឋកិច្ច និងសុវ ត្ថិភាពគតិយុត្តដ៏រឹងមាំ ជូនពលរដ្ឋខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែសីហាឆ្នាំ២០២៦--ភាពកក់ក្តៅ អមដោយស្នាមញញឹម និងក្តីរំភើបរីករាយយ៉ាងក្រៃលែងពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តបន្ទាយ មានជ័យបានបន្តបោះជំហានយ៉ាងមុតមាំក្នុងការលើកកម្ពស់ជីវភាព និងសុវត្ថិភាពផ្លូវច្បាប់ជូនប្រជាជន តាមរ យៈពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ជូនដល់គ្រួសារពលរដ្ឋជាច្រើន រៀបចំឡើងនៅវត្តអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។

ពិធីដ៏មានអត្ថន័យនេះ ប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយ មានការចូលរួមសហការយ៉ាងសកម្មពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងរដ្ឋបាលក្រុងសិរីសោភ័ណ ដែលបានចុះវាស់វែង និងសម្រេចចេញបណ្ណជូនប្រជាពលរដ្ឋមកពីបណ្តាភូមិ-សង្កាត់ ក្នុងនោះរួមមាន សង្កាត់កោះពងសត្វ (ភូមិកោះពង់សត្វ, ភូមិតាសុខ, ភូមិព្រះអង្គ, ភូមិស្នាយសង្គត់, ភូមិអង្គាបុស្ប) និងសង្កាត់កំពង់ ស្វាយ (ភូមិខ្លាកូនចាស់ និងភូមិភ្នំកន្ទួត)។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម អ៊ុ រាត្រី បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា បណ្ណកម្មសិទ្ធិដីធ្លីដែលរាជរដ្ឋាភិបាលផ្តល់ជូននាពេលនេះ មិនត្រឹមតែជួយបញ្ចប់នូវក្តីបារម្ភ ឬវិវាទដីធ្លីរ៉ាំរ៉ៃប៉ុណ្ណោះ ទេ ប៉ុន្តែវាគឺជាការផ្តល់នូវសិទ្ធិស្របច្បាប់ពេញលេញ និងជា «ទ្រព្យសកម្មដ៏មានតម្លៃមហាសាល» ដែលមានការការពារយ៉ាងរឹងមាំដោយច្បាប់។
«បណ្ណកម្មសិទ្ធិទាំងនេះគឺជាផ្លែផ្កាកើតចេញពីនយោបាយគិតគូរពីប្រជាជនជាចម្បងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ វាជាបង្អែកសេដ្ឋកិច្ចដ៏រឹងមាំ ដែលបងប្អូនអាចយកទៅប្រើប្រាស់ជាទុនបម្រុង ដើម្បីពង្រីកមុខរបរ បង្កើនប្រាក់ចំណូល និងលើកកម្ពស់លំនឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។» នេះជាប្រសាសន៍របស់ ឯកឧត្តម អ៊ុ រាត្រី បានលើកឡើងយ៉ាងដូច្នេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ រហូតសម្រេចបានជោគជ័យក្នុងការបោះបំបែក និងចេញបណ្ណកម្មសិទ្ធិជាស្ថាពរជូនប្រជាពលរដ្ឋ។
ដើម្បីធានាថាទ្រព្យសម្បត្តិស្របច្បាប់នេះបន្តផ្តល់ផលប្រយោជន៍យូរអង្វែង ឯកឧត្តម អ៊ុ រាត្រី បានផ្តាំផ្ញើ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាបណ្ណកម្មសិទ្ធិឱ្យបានគង់វង្សល្អ ជៀសវាងការខូចខាត បាត់បង់ ឬធ្លាក់ដល់ដៃជនខិលខូច។ យកបណ្ណនេះទៅប្រើប្រាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយការទទួលខុសត្រូវ។
បន្តចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តឱ្យខាងតែបាននូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងភាពសុខដុមរមនាក្នុងសហគមន៍។

ភាពកក់ក្តៅ និងក្តីសង្ឃឹមថ្មីត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅលើទឹកមុខរបស់ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលបណ្ណផ្ទាល់ដៃនៅថ្ងៃនេះ។ សម្រាប់ពួកគាត់ ការទទួលបាន «បណ្ណដី» មិនមែនគ្រាន់តែជាក្រដាសផ្លូវការមួយសន្លឹកនោះទេ ប៉ុន្តែវាគឺជា ភាពស្ងប់ចិត្តដែលលែងព្រួយបារម្ភពីបញ្ហាទំនាស់ និងជាស្ពានចម្លងនាំគ្រួសារឆ្ពោះទៅរកអនាគតដ៏រុងរឿង។
ប្រជាពលរដ្ឋទាំងអស់បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្តល់សេវាសាធារណៈដ៏មានតម្លៃដល់ជីវិតប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់។ 
សូមបញ្ជាក់ថាបណ្ណកម្មសិទ្ធិ ដែលចែកជូននេះមានចំនួន ៥ ៣០៤បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន ០៧ភូមិ ក្នុងសង្កាត់កោះពងសត្វ និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ហើយ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល៕
ដោយ៖ឈុនសារ៉ាត





