អង្គការ MCC អប់រំកុមារឱ្យយល់ដឹងអំពីសត្វសមុទ្រ និងជីវចម្រុះ
AKP ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦--ហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់កុមារក្នុងការរៀនសូត្រអំពីធម្មជាតិ? ការអប់រំអំពីសត្វសមុទ្រជួយឱ្យកុមារយល់ដឹងពីធម្មជាតិ និងជីវចម្រុះ ព្រមទាំងជួយបណ្តុះនូវគំនិតចង់ចេះចង់ដឹងពីធនធានធម្មជាតិ និងស្មារតីទទួលខុសត្រូវចំពោះបរិស្ថាន។ នេះជាការបញ្ជាក់ពីអង្គការ MCC នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

លោក David Attenborough អ្នកអភិរក្ស បានលើកឡើងថា «ប្រសិនបើកុមារមិនបានធំធាត់ឡើងដោយការស្គាល់ និងដឹងគុណតម្លៃនៃធម្មជាតិទេ ពួកគាត់នឹងមិនអាចយល់ពីវាឡើយ ហើយប្រសិនបើពួកគាត់មិនយល់ពីវាទេ ពួកគាត់ក៏នឹងមិនការពារវានោះដែរ»។ ភារកិច្ចដ៏ចម្បងបំផុតមួយរបស់យើង គឺការអប់រំបណ្តុះបណ្តាលកុមារ និងយុវជនកម្ពុជាឱ្យបានស្គាល់ពីអត្ថប្រយោជន៍ និងតម្លៃនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ ក៏ដូចជាបណ្ដាជីវិតជីវចម្រុះដែលរស់នៅក្នុងនោះ។ នៅពេលដែលកុមារយល់ច្បាស់ពីសារៈសំខាន់នៃសត្វសមុទ្រ និងទីជម្រកធម្មជាតិ ពួកគាត់នឹងមានឆន្ទៈកាន់តែខ្លាំងក្នុងការយកចិត្តទុកដាក់ការពារ និងចូលរួមក្នុងសកម្មភាពអភិរក្ស។

ការចុះធ្វើបទបង្ហាញឱ្យកុមារបានស្គាល់ពីប្រព័ន្ធអេកូឡូស៊ីសមុទ្រ នៅថ្ងៃនេះ យើងសង្ឃឹមយ៉ាងមុតមាំថានឹងអាចបំផុសគំនិតពួកគាត់ឱ្យក្លាយជា «អ្នកការពារសមុទ្រ» នាពេលអនាគត ដែលជាកម្លាំងយុវជនបន្តវេនក្នុងការការពារសត្វសមុទ្រ និងទីជម្រកសមុទ្រសម្រាប់ជំនាន់ក្រោយៗទៀត។

លើសពីនេះ បេសកកម្មអប់រំ និងផ្សព្វផ្សាយរបស់អង្គការ MCC យើងក៏បានផ្តល់នូវឱកាសក្នុងការប្រារព្ធទិវាការពារសមុទ្រ (Marine Protected Area Day) ព្រមទាំងបានលើកឡើងអំពីមូលហេតុដែលការការពារសមុទ្រ មានសារៈសំខាន់បំផុតសម្រាប់យើងទាំងអស់គ្នា៕

ដោយ ណយ នឿន (ប្រភព៖ MCC)





