ក្រសួងសង្គមកិច្ចរៀបចំវគ្គបណ្ដុះបណ្តាលស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ
AKP ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦-- នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពីថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្ដុះបណ្តាលស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ ដោយមានសមាសភាពចូលរួមពីលោកជំទាវ ច័ន្ទ ហារ៉ានវដ្តី អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច លោក លោកស្រីប្រធានមណ្ឌលថែទាំកុមារ ប្រធានកម្មវិធីកន្លែងថែទាំ និងការថែទាំក្នុងគ្រួសារតាមសហគមន៍របស់អង្គការដៃគូមកពីខេត្តកណ្ដាល កំណង់ស្ពឺ ស្ទឹងត្រែង ព្រះសីហនុ ព្រះវិហារ ក្រចេះ មណ្ឌលគិរី ឧត្តរមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ប៉ៃលិន និងខេត្តស្វាយរៀង ដែលមានអ្នកចូលរួមសរុបចំនួន ៧២រូប។

លោកជំទាវអនុរដ្ឋលេខាធិការ ច័ន្ទ ហារ៉ានវដ្តី បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីបទដ្ឋានអប្បបរមាស្តីពីការថែទាំជំនួសចំពោះកុមារដែលបានកែសម្រួលថ្មី ដើម្បីជាមូលដ្ឋានក្នុងការកែលម្រួលលើការងារគ្រប់គ្រង និងផ្តល់សេវាថែទាំជំនួសចំពោះកុមារ។ ពង្រឹងប្រសិទ្ធភាព និងផ្តល់ណែនាំពីការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគុណភាពនៃការផ្តល់សេវាថែទាំជំនួស ដូចបានកំណត់នៅក្នុងបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារឆ្នាំ២០២៤ ដើម្បីរួមគ្នាបន្តដោះស្រាយបញ្ហាកិច្ចការពារកុមារ និងធានាថាកុមារគ្រប់រូបរស់នៅក្នុងបរិយាកាសប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព សុមង្គល និងទទួលបាននូវសិទ្ធិពេញរបស់ពួកគេ។

ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច បានជំរុញឱ្យមានស្មារតីរួបរួមគ្នា ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីដើម្បីលើកកម្ពស់សុខុមាល ភាពកុមារ និងកិច្ចការពារកុមារជាពិសេសពង្រឹងកិច្ចសហការរវាងអ្នកពាក់ព័ន្ធ ដែលជាយន្តការនៃប្រព័ន្ធកិច្ចការពារកុមារ ដើម្បីធានានូវវិធានការទាន់ពេលវេលាចំពោះសកម្មភាពដែលប៉ះពាល់ដល់កុមារ។ លើកកម្ពស់ការអនុវត្តកម្មវិធីថែទាំកុមារនៅតាមគ្រួសារ តាមរយៈការរក្សាកុមារនៅក្នុងគ្រួសារកំណើត ការថែទាំកុមារដោយសាច់ញាតិ ការថែទាំដោយគ្រួសារ និងការទុកដាក់អចិន្ត្រៃយ៍ហើយការថែទាំកុមារនៅក្នុងមណ្ឌលថែទាំ ជាជម្រើសចុងក្រោយ និងបណ្តោះអាសន្ន។ សូមអង្គការមិនមែនរដ្ឋាភិបាល និងសមាគមដែលផ្តល់សេវាថែទាំជំនួសចំពោះ កុមារទាំងអស់ពង្រឹងការអនុវត្តគម្រោងកម្មវិធី ឱ្យស្របតាមគោលនយោបាយនិងបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមាររបស់ក្រសួង ជាពិសេសមណ្ឌលថែទាំកុមារត្រូវមកចុះបញ្ជីស្នើសុំការទទួលស្គាល់ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្របតាមខ្លឹមសារ នៃអនុក្រឹត្យលេខ១១៩ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ ហើយរាល់ការនាំកុមារចូលមករស់នៅក្នុងមណ្ឌលថែទាំ ត្រូវអនុវត្តតាមនីតិវីធីដែលមានជាធរមាន។ សូមលោក លោកស្រីប្រធាន និងបុគ្គលិកមណ្ឌលថែទាំកុមាររបស់រដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល យកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាល ចែករំលែកបន្តដល់គណៈគ្រប់គ្រងបុគ្គលិក និងអ្នកថែទាំកុមារទាំងអស់ឱ្យបានយល់ដឹងអំពីខ្លឹមសារនៃបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសនេះ ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំកុមារឱ្យកាន់តែប្រសើរតាមស្ថាប័នរៀងៗខ្លួន។

ឯកឧត្តមអគ្គនាយកសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីវគ្គបណ្តុះបណ្តាលនេះ មណ្ឌលថែទាំកុមារណាដែលអនុវត្តក្រោមបទដ្ឋានអប្បបរមា ត្រូវខិតខំប្រឹងប្រេងកែលម្អឱ្យស្របតាមបទដ្ឋាន ហើយមណ្ឌលថែទាំដែលបានអនុវត្តស្របតាមបទដ្ឋានអប្បបរមា ត្រូវខិតខំប្រឹងប្រែងឱ្យកាន់តែល្អបន្តទៀត និងក្លាយជាមណ្ឌលថែទាំគំរូសម្រាប់មណ្ឌលថែទាំកុមារផ្សេងៗទៀត៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





