ស្នងការនគរបាលខេត្តតាកែវបើកកិច្ចប្រជុំត្រួតពិនិត្យការងារនគរបាល និងសហគមន៍ប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៦
AKP តាកែវ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦--ស្នងការនគរបាលខេត្តតាកែវបើកកិច្ចប្រជុំត្រួតពិនិត្យការងារនគរបាល និងសហគមន៍ប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហាឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាយ នាយរងការិយាល័យទាំង៣៣ អធិការ អធិការរងក្រុង-ស្រុក មេបញ្ជាការ មេបញ្ជាការរងវរសេនាតូចការពារព្រំដែនគោក៦០៣ នាយប៉ុស្តិ៍ការពារព្រំដែន នាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ក្នុងខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ធចូលរួមជាច្រីនរូបផងដែរ ដោយពិធីនេះរៀបចំឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានធ្វើការណែនាំដល់អធិការនគរបាលក្រុង-ស្រុក និងមេប៉ុស្ដិ៍ទាំងអស់ ត្រូវខិតខំបន្តចុះធ្វើវេទិកាសាធារណៈឱ្យបានច្រើន ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ ក្នុងការលើកកម្ពស់ការយល់ដឹង ចូលរួមអនុវត្តឱ្យបានលទ្ធផលល្អប្រសើរ ដើម្បីចូលរួមសហការ បង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។ លើសពីនេះ លោកស្នងការនគរបាលខេត្តតាកែវ ក៏បានជំរុញដល់អធិការនគរបាលក្រុង-ស្រុកទាំងអស់ ត្រូវរៀបចំកម្លាំងនគរបាលអន្តរាគមន៍ ដើម្បីឱ្យមានកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីបង្ការទប់ស្កាត់នូវរាល់បទល្មើសនានាផងដែរ។

លោកស្នងការនគរបាលខេត្តតាកែវ ក៏បានធ្វើការណែនាំបន្ថែម ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវគោរពបទបញ្ជានិងវិន័យកងកម្លាំងនគរបាលជាតិលេខ៨៧៣ប្រ.ក ការគ្រប់គ្រងធនធានមនុស្ស ដោយបញ្ជីវត្តមានឱ្យបានច្បាស់លាស់។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវបង្កើនការងារផ្សព្វផ្សាយគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" តាមរយៈការធ្វើវេទិការសាធារណដល់មហាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្តឱ្យបានលទ្ធផលល្អប្រសើរ ក្នុងការចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ តាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានកំណត់៕


ដោយ អ៊ុច សៀង





