ថ្នាក់ដឹកនាំក្រុមហ៊ុនធុរកិច្ចចិន និងអាម៉េរិក ស្វែងរកទំនាក់ទំនងកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ -- ថ្នាក់ដឹកនាំក្រុមហ៊ុនធុរកិច្ចចិននិងអាម៉េរិក បានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរបានបន្តការចូលរួមកម្រិតខ្ពស់ និងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈដែលកំពុងគ្រប់គ្រងភាពខុសគ្នា។
កិច្ចប្រជុំដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ បានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីឧបនាយករដ្ឋមន្ត្រីចិន លោក ហេ លីហ្វេង ដែលជាអ្នកនាំមុខគេរបស់ចិនសម្រាប់កិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិកផងដែរនោះ បានធ្វើការហៅទូរស័ព្ទជាវីដេអូជាមួយលោក ស្កុតត៍ បេសសេនត៍រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក និងលោក ចាមីសិន ហ្រ្គៀ តំណាងពាណិជ្ជកម្មអាម៉េរិក។ ភាគីទាំងពីរមាន «ការផ្លាស់ប្តូរដោយស្មោះត្រង់ស៊ីជម្រៅ និងប្រកបដោយការស្ថាបនា» ខណៈដែលប្រទេសចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរឹតបន្តឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។
លោក សៀន ស្ទែន ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-ចិន ឬUSCBC បាននិយាយថា «មានពាក្យចចាមអារ៉ាមដែលថា ក្រុមហ៊ុនធុរកិច្ចអាម៉េរិកមិនចង់ធ្វើអាជីវកម្មជាមួយប្រទេសចិន ឬថាក្រុមហ៊ុនអាម៉េរិកកំពុងចាកចេញពីប្រទេសចិន ឬថាពួកគេមិនវិនិយោគនៅក្នុងប្រទេសចិន ឬស្វាគមន៍ក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិក»។
លោកបានបន្ថែមថា «ទាំងអស់នោះ គឺជាពាក្យចចាមអារ៉ាម។ ទាំងអស់នោះ គឺជាការមិនពិត។ ក្រុមហ៊ុនអាម៉េរិកប្តេជ្ញាចិត្តក្នុងការស្ថិតនៅក្នុងប្រទេសចិន។ ពួកគេប្តេជ្ញាចិត្តក្នុងការសហការជាមួយក្រុមហ៊ុនចិន»។
លោក ស្ទែន បានធ្វើការកត់សម្គាល់នេះនៅខាងក្រៅកិច្ចប្រជុំរវាងគណៈប្រតិភូធុរកិច្ចចិន និងតំណាងក្រុមហ៊ុនសមាជិកក្រុមប្រឹក្សា USCBC។ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ឬ CCPIT និង USCBC។
ក្រុមប្រឹក្សា USCBC គឺជាសមាគមមិនស្វែងរកប្រាក់ចំណេញដែលតំណាងឱ្យក្រុមហ៊ុនអាម៉េរិកប្រហែល ២៧០ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសចិន ដោយសមាជិករួមមានក្រុមហ៊ុនធំៗរបស់អាម៉េរិក ដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Nvidia ក្រុមហ៊ុន Boeingក្រុមហ៊ុន Ford ក្រុមហ៊ុន Amazon ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុនJPMorganChase និងក្រុមហ៊ុន Exxon-Mobil។ ក្រុមប្រឹក្សា CCPIT គឺជាទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគធំបំផុតនៅក្នុងប្រទេសចិនដែលតំណាងឱ្យសហគមន៍ធុរកិច្ចរបស់ប្រទេសចិន។
លោក រេន ហុងពីង ប្រធានក្រុមប្រឹក្សា CCPIT បាននិយាយថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិន មានគោលបំណងអនុវត្តការឯកភាពគ្នាដែលសម្រេចបានដោយមេដឹកនាំប្រទេសទាំងពីរ និងបង្កើតឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចចិន និងសហរដ្ឋអាមេរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





