លោកជំទាវ ឃួន ឃុនឌី៖ ការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រមិនអាចផ្តាច់ចេញពីគ្នាបានឡើយ
AKP កំពង់ធំ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦--លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថាការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រមិនអាចផ្តាច់ចេញពីគ្នាបានឡើយ។ លោកជំទាវបានថ្លែងដូចនេះក្នុងពិធីប្រគេនបច្ច័យ និងទៀនចំណាំព្រះវស្សាដល់៤០វត្តស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅវត្តពុទ្ធរង្សី (វត្តត្រពាំងព្រលិត) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភារាជរដ្ឋាភិបាលក្រុមប្រឹក្សាខេត្តកំពង់ធំនិងមន្ត្រីរាជការព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។

លោកជំទាវ ឃួន ឃុនឌី បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំពិធីនេះឡើងគឺកើតឡើងពីការចូលរួមសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយស្រុកកំពង់ស្វាយដើម្បីផ្សារភ្ជាប់នឹងគោរពប្រណិប័តន៍ និងបានឆ្លុះបញ្ចាំងឱ្យឃើញអំពីវឌ្ឍនភាព ជំនឿសាសនា និងការគោរពប្រណិប័តដ៏ជ្រាលជ្រៅចំពោះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋព្រមទាំងបង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាពនិងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។

លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត សប្បុរសជននានាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងសហការគ្នាទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ប្រកបដោយក្តីសោមនស្សរីករាយក្រៃលែង។

លើសពីនេះទៅទៀតការប្រគេនទៀនចំណាំព្រះវស្សានេះបង្ហាញពីការសាមគ្គីភាពក្នុងសង្គម និងគាំទ្រលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធដល់ជីដូន ជីតាញាតិកាទាំងប្រាំពីរសន្តាន ព្រមទាំងវីរកងទ័ពដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។
លោកជំទាវបន្តថា អ្វីដែលយើងកំពង់មានថ្ងៃនេះគឺដោយសារប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើមរបស់យើងគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។លោកជំទាវបានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកសូមជួយថែរក្សាការពារដល់បងប្អូនពុទ្ធបរិស័ទនិងក្រុមការងារជួបប្រទះតែសេចក្ដីសុខគ្រប់ៗគ្នា។

សូមបញ្ជាក់ថា វត្តនីមួយៗទទួលបានទៀនវស្សា១គូអង្ករ៥០គីឡូ ទឹកសុទ្ធ ២កេស ទឹកក្រូច២កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ សៀង១កែវ (២គីឡូកន្លះ) និងបច្ច័យមួយចំនួនព្រមទាំងជូនលោកតា លោកយាយចំនួន២០០នាក់ ដោយម្នាក់ៗទទួលបានសារុងចំនួន១៕
ដោយ ស៊ុម វណ្ណា





