ក្រសួងពាណិជ្ជកម្មបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ រយៈពេល៦ខែបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើអាជីវកម្មស្របតាមតម្រូវការរបស់ធុរជន ព្រមទាំងដើម្បីបង្កើនការយល់ដឹងអំពីកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងនីតិវិធីពាក់ព័ន្ធឱ្យកាន់តែទូលំទូលាយ ជាពិសេសជួយសម្រួលដល់ក្រុមហ៊ុនដែលបានខកខានក្នុងការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំឱ្យបានយល់ច្បាស់អំពីនីតិវិធី និងអាចបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់ ក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីបច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម៖ ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការលើកលែងពិន័យ ដោយមានការចូលរួមពីសភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មបរទេសប្រចាំនៅកម្ពុជា សមាគមពាណិជ្ជកម្ម និងតំណាងវិស័យឯកជនពាក់ព័ន្ធជាច្រើនរូប។

ថ្លែងបើកសិក្ខាសាលានាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រសួងបានធ្វើសេចក្តីជូនដំណឹងស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម ១ឆ្នាំចុងក្រោយ សម្រាប់រយៈពេល ៦ខែ បន្ទាប់ពីក្រសួងពាណិជ្ជកម្មទទួលបានសំណូមពរជាបន្តបន្ទាប់ និងសង្កេតឃើញពីភាពចាំបាច់របស់ក្រុមហ៊ុន ដែលមានបំណងបំពេញកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ប៉ុន្តែមានការខកខានមកបំពេញមិនទាន់កាលបរិច្ឆេទ ដូចដែលបានធ្វើការជូនដំណឹងកន្លងមកតាមរយៈសេចក្តីជូនដំណឹងលេខ ០០៥១ ព.ណ.ចបព ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្តីពីការលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ឱ្យមកបំពេញកាតព្វកិច្ចរហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ដូច្នេះក្រសួងពាណិជ្ជកម្ម សូមជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងអស់ឱ្យបានជ្រាបអំពីការបន្តលើកលែង ការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗសម្រាប់រយៈពេល ៦ ខែបន្ថែមទៀត ដោយត្រូវបំពេញលក្ខខណ្ឌតម្រូវ៖ ១. ត្រូវបង់ប្រាក់ពិន័យមិនបានកម្កល់ប្រតិវេទន៍ប្រចាំឆ្នាំសម្រាប់រយៈពេល ១ឆ្នាំចុងក្រោយ និងបង់កម្រៃសេវាតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមចំនួនឆ្នាំដែលមិនបានបង់ជាក់ស្តែង ក្នុងអំឡុងពេល ៦ខែចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។ ២. ត្រូវចូលរួមក្នុងការត្រួតពិនិត្យសាវតាររូបវន្តបុគ្គលរបស់ម្ចាស់ហ៊ុន (Background Check) ដើម្បីរួមចំណែកក្នុងការពង្រឹងការងារប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់។ ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមលក្ខខណ្ឌ និងកាលបរិច្ឆេទកំណត់ខាងលើ នឹងត្រូវចាត់ទុកជាក្រុមហ៊ុនអកម្ម (Inactive Company) ដែលអាចប៉ះពាល់ដល់សិទ្ធិ និងស្ថានភាពរបស់ក្រុមហ៊ុនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា កន្លងមកមានក្រុមហ៊ុនមួយចំនួនពុំបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំទេ ហើយក្រុមហ៊ុនទាំងនោះក៏ពុំបានរងការពិន័យអ្វីដែរ ដែលធ្វើឱ្យរហូតមកដល់ពេលនេះ យុទ្ធនាការលើកលែងពិន័យនេះ ក្រសួងពាណិជ្ជកម្ម ឬរាជរដ្ឋាភិបាលខាតចំនួន ២៥លានដុល្លារអាម៉េ
រិក។

ដោយឡែក ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ជាការពិតមានក្រុមហ៊ុនមួយចំនួនដែលបានចុះបញ្ជីក្នុងការប្រកបអាជីវកម្ម តែខកខានពុំបានបំពេញកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំជាច្រើនឆ្នាំមកហើយ។ ដូច្នេះក្រសួងពាណិជ្ជកម្មសូមអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ ត្រូវបំពេញកាតព្វកិច្ចផ្លូវច្បាប់តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំឱ្យបានទាន់ពេលវេលាតាមការកំណត់ គឺត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧ខាងមុខ ដោយក្រុមហ៊ុនត្រូវបង់ប្រាក់ទៅតាមចំនួនឆ្នាំដែលខ្លួនបានខកខានចំនួន ៨ម៉ឺនរៀល ក្នុង ១ឆ្នាំ និងត្រូវរងការពិន័យចំនួន ២លានរៀលសម្រាប់តែឆ្នាំចុងក្រោយ ១ឆ្នាំ៕
ដោយ ចាន់ សុភឿន , រូបថត៖ សុវឌ្ឍានា





