សហរដ្ឋអាមេរិកប្រកាសពីអនុស្សរណៈថ្មីស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសក្រិក
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) កាលពីថ្ងៃពុធ បានប្រកាសពីអនុស្សរណៈថ្មីមួយស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសក្រិកដែលគ្របដណ្តប់លើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការចែករំលែកព័ត៌មានរវាងអាជ្ញាធរអនុវត្តច្បាប់នៃប្រទេសទាំងពីរ។
លោក រូប៊ីអូ បានប្រកាសរឿងនេះនៅទីក្រុងអាថែន ក្នុងសេចក្តីថ្លែងការណ៍រួមជាមួយរដ្ឋមន្ត្រីការបរទេសក្រិក លោក ចច ជេរ៉ាប៉េទ្រីទីស (George Gerapetritis) នៅពេលបើកកិច្ចសន្ទនាយុទ្ធសាស្ត្រសហរដ្ឋអាមេរិក-ក្រិក ជុំទី៦ ដែលផ្តោតលើវិស័យការពារជាតិ ថាមពល និងសន្តិសុខក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ បានលើកឡើងពីប្រទេសក្រិកថាជា «សម្ព័ន្ធមិត្តដ៏អស្ចារ្យ» និងជា «ប្រភពនៃស្ថិរភាពនៅក្នុងពិភពលោកដែលពោរពេញដោយភាពមិនច្បាស់លាស់» ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសនេះកំពុងទទួលយកការទទួលខុសត្រូវកាន់តែច្រើនឡើងសម្រាប់ការការពារជាតិរបស់សហភាពអឺរ៉ុប។
លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសក្រិកកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ និងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិនៅឆ្នាំនេះ ដែលក្នុងនោះរួមមានជាង៣,៥% សម្រាប់ការការពារជាតិជាមូលដ្ឋាន។
លោក ជេរ៉ាប៉េទ្រីទីស បាននិយាយថា ការធ្វើទំនើបកម្មកងយន្តហោះចម្បាំង F-16 របស់ក្រិកទៅជាប្រភេទ Viper និងការដាក់បញ្ចូលយន្តហោះចម្បាំង F-35 ទៅក្នុងកងទ័ពអាកាសក្រិក នឹងពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេស និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។
លោកបានបន្ថែមថា ប្រទេសក្រិកត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយសហរដ្ឋអាមេរិក ហើយប្រសិនបើចាំបាច់នឹងផ្តល់ជំនួយផ្នែកកងទ័ពជើងទឹកនៅក្នុងច្រកសមុទ្រហ័រមូស ប្រសិនបើសភាពការណ៍អនុញ្ញាត និងមានដំណើរការសន្តិភាពដែលអាចអនុវត្តន៍បាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





