អ៊ីរ៉ង់នឹងបិទផ្លូវដែលគ្មានការអនុញ្ញាតនៅច្រកសមុទ្រហ័រមូសក្នុងពេលឆាប់ៗនេះ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ -- ទីប្រឹក្សាយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា ប្រទេសនេះនឹងបិទផ្លូវនានាដែលបង្កើតឡើងដោយ«អ្នករំលោភបំពាន» នៅក្នុងច្រកសមុទ្រហ័រមូសក្នុងពេលឆាប់ៗនេះ។
លោក ម៉ូហាមេដ រេហ្សា ណាកឌី (Mohammad-Reza Naqdi)ទីប្រឹក្សារបស់មេបញ្ជាការកំពូលនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មានរដ្ឋ Al-Alamខណៈពេលដែលលោកពន្យល់អំពីស្ថានភាពចុងក្រោយនៃច្រកសមុទ្រហ័រមូស។
លោកបាននិយាយថា ច្រកសមុទ្រហ័រមូសត្រូវបានបិទ ហើយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់មានការគ្រប់គ្រងទាំងស្រុងលើច្រកនេះ ដោយលោកបានសង្កត់ធ្ងន់ថា ស្ថានភាពនេះនឹងបន្តកើតមានដរាបណាការទាមទារដ៏ «ស្របច្បាប់» របស់ប្រទេសអ៊ីរ៉ង់មិនត្រូវបានបំពេញ។
លោកបានបន្ថែមថា ទោះបីជាច្រកសមុទ្រនេះត្រូវបានបិទក៏ដោយ ក៏«បុគ្គលមួយចំនួនប្រើប្រាស់នាវាខ្នាតតូចដើម្បីជួញដូរប្រេងខុសច្បាប់ និងផ្ទេរវាទៅកាន់នាវាដឹកប្រេងធំៗ» ដោយលោកសង្កត់ធ្ងន់ថា «ផ្លូវឆ្លងកាត់មួយចំនួនតូចដែលបង្កើតឡើងដោយអ្នករំលោភបំពាន តាមរយៈការបំផ្ទុះ ឬការបំផ្លាញផ្លូវថ្មមួយចំនួននៅក្នុងច្រកសមុទ្រហ័រមូសនឹងត្រូវបិទក្នុងពេលឆាប់ៗនេះ»។
ងាកមកនិយាយអំពីរយៈចម្ងាយនៃអាវុធរបស់អ៊ីរ៉ង់វិញ លោកបាននិយាយថា បញ្ហាបច្ចេកទេសមិនមែនជាមូលហេតុដែលធ្វើឱ្យអ៊ីរ៉ង់រក្សារយៈចម្ងាយអាវុធរបស់ខ្លួនឱ្យនៅមានកម្រិតនោះទេ ប៉ុន្តែវាអាស្រ័យលើគោលនយោបាយរបស់ប្រទេស។
លោក ណាកឌី បាននិយាយថា រយៈចម្ងាយនៃអាវុធរបស់អ៊ីរ៉ង់ត្រូវបានកំណត់ដោយផ្អែកលើការសម្រេចចិត្តរបស់អាជ្ញាធរប្រទេស និងមេដឹកនាំកំពូល លោក ម៉ុចតាប៉ា ខាមីនេយ (Mojtaba Khamenei) ព្រមទាំងតម្រូវការជាក់ស្តែង។ លោកបានកត់សម្គាល់ថា នៅពេលណាដែលមានការអនុញ្ញាត រយៈចម្ងាយនៃអាវុធនឹងត្រូវបានបង្កើនស្របតាមតម្រូវការ និងភាពចាំបាច់នៃសមរភូមិ។
ប្រទេសអ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយហាមឃាត់ការធ្វើដំណើរដោយសុវត្ថិភាពនៃនាវាដែលជារបស់ ឬមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបន្ទាប់ពីមានការវាយប្រហាររួមគ្នារបស់ពួកគេទៅលើទឹកដីអ៊ីរ៉ង់។
មន្ត្រីសហរដ្ឋអាមេរិក រួមទាំងប្រធានាធិបតី លោក ដូណាល់ ត្រាំ(Donald Trump) បានអះអាងថា ផ្លូវទឹកនេះនៅតែបើកចំហ និងស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងសហរដ្ឋអាមេរិក ហើយការដឹកជញ្ជូនប្រេងនៅតែបន្តធ្វើឡើងតាមរយៈផ្លូវនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





