ចក្រភពអង់គ្លេស និងតួកគីយេ អាចកាន់តែរឹងមាំខ្លាំង តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកអវកាស
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ -- មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារអវកាសចក្រភពអង់គ្លេសបានប្រាប់ទីភ្នាក់ងារព័ត៌មានអាណាដូលូថា ចក្រភពអង់គ្លេស និងប្រទេសតួកគីយេ មានឱកាសជាច្រើនក្នុងការបង្កើនសមត្ថភាពផ្នែកអវកាសរបស់ពួកគេតាមរយៈកិច្ចសហប្រតិបត្តិការ។
លោកស្រី អាលីស ប៊ុន សហនាយិកានៃទីភ្នាក់ងារអវកាសចក្រភពអង់គ្លេស បាននិយាយក្នុងអំឡុងពេលនៃសមាជអវកាសយានិកអន្តរជាតិ(IAC) លើកទី៧៧ នៅទីក្រុងអេនតាលីយ៉ា ដែលជាទីក្រុងទេសចរណ៍មាត់សមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសតួកគីយេថា «មានវិស័យជាច្រើនដែលយើងនឹងកាន់តែរឹងមាំ ប្រសិនបើយើងធ្វើការរួមគ្នា»។
លោកស្រី ប៊ុន បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីមួយ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអង្គារ រវាងទីភ្នាក់ងារអវកាសចក្រភពអង់គ្លេស និងទីភ្នាក់ងារអវកាសតួកគីយេ។
លោកស្រីបានលើកឡើងថា ភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យវិទ្យាសាស្ត្រ ការស្រាវជ្រាវ និងការអភិវឌ្ឍ និងបច្ចេកវិទ្យា ក៏ដូចជាការបង្កើតបទប្បញ្ញត្តិសម្រាប់គ្រប់គ្រងបេសកកម្មអវកាស និងសកម្មភាពនានានៅក្នុងគន្លងគោចរផែនដី។
យោងតាមលោកស្រី ប៊ុន បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះបានកំណត់នូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនោះ។
ពិធីចុះហត្ថលេខានេះក៏មានការចូលរួមពីលោកស្រី ចេននីហ្វឺរ អេលីហ្សាប៊ែត អេនដឺសុន ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅប្រទេសតួកគីយេផងដែរ ដែលលោកស្រី ប៊ុន បានលើកឡើងថា ការចូលរួមរបស់លោកស្រីឯកអគ្គរដ្ឋទូតបានបង្ហាញពីសារៈសំខាន់ដែលផ្តល់ជូនដល់ភាពជាដៃគូនេះ។
លោកស្រីបាននិយាយថា «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជារឿយៗត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។យើងមានក្តីរំភើបក្នុងការរង់ចាំមើលជំហានបន្ទាប់នៃកិច្ចសហប្រតិបត្តិការរបស់យើងលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





