ពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២៥-២០២៦
AKP កំពង់ស្ពឺ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ -- លោក ហន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ដោយពិធីនេះត្រូវបានរៀបចំឡើងនៅទីលានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អនុប្រធានមន្ទីរ តំណាងអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងក្រុមកីឡាករ កីឡាការិនីជាច្រើនរូប។

យោងតាមរបាយការណ៍របស់លោក ថន ថារិន បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តនេះ បានដំណើរការទៅអស់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ យ៉ាងរលូន និងមានសណ្តាប់ធ្នាប់ល្អ។ ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាក្នុងចំណោមស្រទាប់យុវវ័យ និងសិស្សានុសិស្ស ព្រមទាំងដើម្បីជ្រើសរើសជើងឯកដែលមានសមត្ថភាពឆ្នើម តំណាងឱ្យខេត្តកំពង់ស្ពឺ ទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្តក៏បានចូលរួមអបអរសាទរចំពោះក្រុមកីឡាករ កីឡាការិនី និងសិស្សានុសិស្សដែលទទួលបានជ័យលាភី ព្រមទាំងបានផ្តល់ការលើកទឹកចិត្តដល់ក្មួយៗដែលមិនទាន់ទទួលបានជោគជ័យ ឱ្យបន្តខិតខំហ្វឹកហាត់បន្ថែមទៀតសម្រាប់ឱកាសក្រោយៗ។ លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកីឡា ដែលមិនត្រឹមតែនាំមកនូវសុខភាព និងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយុវជន ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តបានផ្តល់អនុសាសន៍ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវតែបន្តការអនុវត្តកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើន កីឡានៅក្នុងតំបន់ ជំរុញចលនាយុវជនម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ព្រមទាំងជំរុញការបង្កើនក្លិបកីឡា និងពង្រឹងការហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំ ហាត់ពត់រាង្គកាយ បញ្ញាស្មារតីកុមារឱ្យលូតលាស់ល្អ រក្សាកម្លាំងមាំមួន ចូលចិត្តលេងកីឡា ដើម្បីសុខភាពផ្ទាល់ខ្លួន និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងពង្រឹងការបង្រៀនកម្មវិធីអប់រំកាយ និងកីឡាឱ្យបានពីរម៉ោងក្នុងមួយសប្តាហ៍។

នៅក្នុងឱកាសនោះ គណៈអធិបតីបានប្រគល់ពានរង្វាន់ មេដាយ និងរង្វាន់លើកទឹកចិត្តជូនដល់ក្រុមកីឡាករ កីឡាការិនី ដែលឈ្នះក្នុងការប្រកួតតាមវិញ្ញាសានីមួយៗ ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២៥-២០២៦ នេះផងដែរ៕

ដោយ៖ ម៉ែន ប៊ុនធីម





