សំណង់ស្ទាក់ទឹកស្ទឹងស្ទោង ក្លាយជាប្រភពទឹកដ៏សកម្ម សំខាន់បំផុតក្នុងការស្រោចស្រពស្រែស្រូវកសិករនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
AKP កំពង់ធំ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ -- លោកថាង វិយុទ្ទដាបានលើកឡើងថា សំណង់ស្ទាក់ទឹកស្ទឹងស្ទោង ក្លាយជាប្រភពទឹកដ៏សកម្មនិងសំខាន់បំផុតក្នុងការស្រោចស្រពស្រែស្រូវកសិករនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោងបានលើកឡើងដូច្នេះក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកស្ទឹងស្ទោងស្រុកស្ទោងខេត្តកំពង់ធំកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។
លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា សំណង់ស្ទាក់ទឹកស្ទឹងស្ទោងមានតួនាទីយ៉ាងសំខាន់ក្នុងការទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងទឹកដែលហូរធ្លាក់មកពីទំនប់អាងទឹក៣០កញ្ញា រួចបន្តហូរតាមបណ្តោយស្ទឹងស្ទោង ឆ្ពោះទៅកាន់បឹងទន្លេសាប។ គិតត្រឹមដើមខែកក្កដានេះជាលទ្ធផលការងារសាងសង់សំណង់ស្ទាក់ទឹកស្ទឹងស្ទោង សម្រេចបានប្រមាណ ៦០% នៃគម្រោងទាំងមូល។ក្រោយពេលការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ គម្រោងមួយនេះ នឹងក្លាយជាប្រភពទឹកស្រោចស្រពយ៉ាងសំខាន់ ក្នុងការបម្រើឱ្យការងារបង្កបង្កើនផលស្រូវវស្សាចំនួន២៧៥០ហិកតា និងស្រូវប្រាំងចំនួន ៨២៥ហិកតាព្រមទាំងផ្តល់អត្ថប្រយោជន៍ផ្ទាល់សម្រាប់តម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករប្រមាណ២៨៨០ គ្រួសារ គ្របដណ្តប់លើភូមិចំនួន១៤ ក្នុងឃុំបន្ទាយស្ទោង និងឃុំផ្សេងទៀតដែលនៅជិតនេះថែមទៀត។
លើសពីនេះទំនប់ស្ទាក់ទឹកស្ទឹងស្ទោងនឹងក្លាយជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ទឹក ស្ទឹងស្ទោងដែលបានមកពីស្អាងទឹក៣០កញ្ញា ដែលអាចជួយពង្វៀងមិនឱ្យជនលិចទីរួមស្រុកស្ទោង និងផ្នែកខ្លះនៃឃុំទ្រា ឃុំកំពង់ចិនជើង និងឃុំកំពង់ចិនត្បូងផងដែរ។

ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋានវិស្វកម្ម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននិងបានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន ព្រមទាំងក្រុមការងារបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះដែរ លោកបានសំណូមពរឱ្យក្រុមការងារអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមលក្ខខណ្ឌបច្ចេកទេសរបស់គម្រោង ដើម្បីធានាគុណភាពសំណង់ឱ្យមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង និងជំរុញល្បឿនការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់៕

ដោយ៖ ស៊ុម វណ្ណា





