កូនឈើចម្រុះប្រមាណជា១ម៉ឺនដើម ត្រូវបានដាំជាលើកទី២ នៅក្នុងឧទ្យានធម្មជាតិអង្គរ អ៊ីអន នៃរមណីយដ្ឋានអង្គរ
AKP សៀមរាប ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦--មូលនិធិបរិស្ថានអ៊ីអន ជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំពិធីដាំកូនឈើចម្រុះចំនួន១ម៉ឺនដើមជាលើកទី២ នៅក្នុងឧទ្យានធម្មជាតិអង្គរ អ៊ីអន នៃរមណីយដ្ឋានអង្គរ។
លោក Motoya Okadaប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ អ៊ីអន បានថ្លែងថា អ្នកចូលរួមដាំកូនឈើចម្រុះនាពេលនេះមានចំនួន៨០០នាក់ក្នុងនោះ៣០០នាក់ជាភ្ញៀវកិត្តយសនៅក្នុងប្រទេសកម្ពុជានិងចំនួន៥០០នាក់ទៀតជាភ្ញៀវកិត្តិយសជប៉ុន ដែលបានស្កាត់មកពីទីឆ្ងាយៗនៃប្រទេសជប៉ុន។

លោក Motoya Okada បានថ្លែងទៀតថាកូនឈើនឹងបង្កើតទៅជាព្រៃបៃតងដ៏សំបូរបែប ដែលមានមុខងារសំខាន់ៗ ដូចជាជួយគាំពារដល់ជីវិតមនុស្សសត្វ ព្រមទាំងជួយការពារគ្រោះមហន្តរាយធម្មជាតិទៀតផង។ លោក Motoya Okada សង្ឃឹមថាការដាំកូនឈើនៅថ្ងៃនេះ នឹងលូតលាស់ទៅជាព្រៃបៃតង ហើយក៏ជានិមិត្តរូបនៃមិត្តភាពកម្ពុជា-ជប៉ុនផងដែរ។
ចាប់តាំងពីឆ្នាំ២០០២មក (មូលនិធិ អ៊ីអន) បានដាំកូនឈើនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយបានពង្រីកទៅកាន់តំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា ដូចជាតំបន់សួនសត្វភ្នំតាម៉ៅជាដើម។ ក្នុងរយៈពេល២៤ឆ្នាំមកនេះ មូលនិធិ អ៊ីអន ដែលធ្វើសហប្រតិបត្តិការជាមួយកម្ពុជាបានដាំកូនឈើចម្រុះបានចំនួន៧៤០០០ដើមហើយ។

ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក Atsushi Ueno បានបង្ហាញចំណាប់អារម្មណ៍ថា កិច្ចសហការរវាងមូលនិធិ អ៊ីអន របស់ជប៉ុន ជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើនៅក្នុងតំបន់អង្គរគឺក្នុងគោលបំណងដើម្បីពង្រីកផ្ទៃដីបៃតងនិងកែលម្អបរិស្ថាន ដែលមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ក៏សម្រាប់ពិភពលោកទាំងមូលផងដែរ។ លោកបញ្ជាក់ថាការដាំកូនឈើចម្រុះនៅតំបន់អង្គរ មិនត្រឹមតែពង្រីកផ្ទៃដីបៃតងប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់ជួយឱ្យមានសោភ័ណភាព និងនិរន្តរភាពអង្គរ។
លោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានថ្លែងនៅក្នុងពិធីដាំកូនឈើលើកទី២ នៅ(ឧទ្យានធម្មជាតិអង្គរ អ៊ីអន)ថាព្រៃឈើពិតជាមានសារសំខាន់យ៉ាងខ្លាំងនៅក្នុងតំបន់អង្គរ ដូចជាអាចទាក់ទាញទឹកភ្លៀង ជួយរក្សាប្រភពទឹកនៅក្រោមដីឱ្យមាននិរន្តរភាព ជួយបំលែងឧស្ម័នពុលកាបូនិក ឱ្យទៅជាអុកស៊ីហ្សែន ព្រមទាំងផ្ដល់ជាម្លប់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកំសាន្តនៅតំបន់អង្គរ ហើយក៏មានតួនាទីសំខាន់ជួយការពារដល់ប្រាសាទបុរាណផងដែរ។ លោកជំទាវបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះមូលនិធិ អ៊ីអន(AEON)ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការអភិរក្ស ថែរក្សាបរិស្ថានអង្គរនិងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា។

ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពបន្ថែមនិងជាគំរូរបស់ផ្នែកឯកជនដែលសហការជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកផ្ទៃដីបៃតងរបស់រមណីយដ្ឋានអង្គរ ដែលឆ្លើយតបទាំងស្រុងទៅនិងគោលនយោបាយអាទិភាពនៃកិច្ចការអភិរក្សអង្គរ តាមអភិក្រមការងារគឺ(ដាំកូនឈើថ្មី ថែរក្សាព្រៃឈើចាស់)។
លោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សង្ឃឹមថា ការរួមគ្នាដាំកូនឈើចម្រុះចំនួន១ម៉ឺនដើម រវាងកម្ពុជា-ជប៉ុនពេលនេះ មិនត្រឹមតែជាសកម្មភាពពង្រឹងបរិស្ថាននិងបង្កើតផ្ទៃដីបៃតងប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពនេះ នឹងស្ថិតនៅជាគំរូនិងជានិមិត្តរូបនៃអនុស្សាយរីយ៍រវាងកម្ពុជា-ជប៉ុនជារៀងរហូតដែរ៕
ដោយ ឃុត សៅ





