ឯកឧត្ដម កែ គឹមយ៉ាន ចុះជួបសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យផ្លូវមួយខ្សែរងការខូចខាតដោយទឹកជំនន់នៅឃុំចំណោម ដើម្បីត្រៀមស្តារឡើងវិញ
AKP បន្ទាយមានជ័យ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកាលពីវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករ ព្រមទាំងបានបន្តដំណើរចុះពិនិត្យស្ថានភាពផ្លូវមួយខ្សែ ដែលតភ្ជាប់ពីឃុំចំណោម ឆ្ពោះទៅកាន់ភូមិសាយសាម៉ន ក្នុងស្រុកមង្គលបូរីដែលជាប់និងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដែលបានរងការខូចខាតយ៉ាងដំណំដោយសារឥទ្ធិពលទឹកជំនន់កាលពីឆ្នាំកន្លងទៅ។

សកម្មភាពចុះជិតដិតដល់មូលដ្ឋាននេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញក្រោយរងគ្រោះដោយធម្មជាតិ។
នៅក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្ដម កែ គឹមយ៉ាន បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។
ឯកឧត្ដមបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាកសិករក្នុងការបង្កបង្កើនផល ទោះបីជាត្រូវប្រឈមនឹងការលំបាកខ្លះៗដោយសារកត្តាអាកាសធាតុក៏ដោយ។

«រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនដែលបោះបង់បងប្អូនចោលឡើយ។ សុខទុក្ខ និងការអភិវឌ្ឍជីវភាពរបស់បងប្អូនកសិករ គឺជាអាទិភាពចម្បងបំផុតរបស់យើង»។ នេះជាប្រសាសន៍សំខាន់របស់ ឯកឧត្ដម កែ គឹមយ៉ាន។
បន្ទាប់ពីជំនួបសំណេះសំណាល ឯកឧត្ដម កែ គឹមយ៉ាន ព្រមទាំងក្រុមការងារ បានអញ្ជើញទៅពិនិត្យមើលស្ថានភាពផ្លូវតភ្ជាប់ពីឃុំចំណោម ទៅកាន់ភូមិសាយសាម៉ន។ ផ្លូវមួយខ្សែនេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ប៉ុន្តែត្រូវបានកាត់ផ្តាច់ និងខូចខាតកាលពីដូវវស្សាឆ្នាំមុនដោយសារជំនន់ទឹកភ្លៀង។
ក្រោយការវាយតម្លៃស្ថានភាពជាក់ស្តែង ឯកឧត្ដមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងផ្នែកជំនាញពាក់ព័ន្ធ ត្រូវសិក្សាផែនការបច្ចេកទេស ស្វែងរកដំណោះស្រាយស្តារ និងជួសជុលឡើងវិញឱ្យបានឆាប់រហ័ស។ការសាងសង់ឡើងវិញត្រូវតែមានលក្ខណៈរឹងមាំ ដើម្បីធន់នឹងទឹកជំនន់នាពេលខាងមុខ។សម្រួលការធ្វើដំណើរជាបណ្តោះអាសន្ន ជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងការដឹកជញ្ជូនរបស់ប្រជាជនកុំឱ្យមានការរអាក់រអួល។

ការចុះមកផ្ទាល់ដល់ទីតាំងរបស់តំណាងរាស្ត្រនាព្រឹកនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសម្តែងនូវក្តីរំភើបរីករាយ និងក្តីសង្ឃឹមយ៉ាងមុតមាំ។ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម កែ គឹមយ៉ាន ដែលតែងតែនៅក្បែរដោះស្រាយរាល់ទុក្ខលំបាក និងនាំមកនូវការអភិវឌ្ឍន៍ពិតៗដល់មូលដ្ឋាន ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានដឹងឮនោះឡើយ៕\
ដោយ ឈុន សារ៉ាត





