ឯកឧត្តម កៅ អ៊ីមរ៉ន៖ ការចែករំលែកព័ត៌មានដោយការទទួលខុសត្រូវ គឺជារបាំងការពារសង្គមជាតិពីការបំពុលព័ត៌មាន
AKP សៀមរាប ថ្ងៃទី0៣ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងពិធីប្រកាសបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ ជាផ្លូវការនៅវិទ្យាល័យ១០ មករា១៩៧៩ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះថា យុគសម័យបច្ចេកវិទ្យាឌីជីថល អ៊ីនធឺណិត និងបណ្តាញសង្គមបានផ្តល់ភាពងាយស្រួលដល់យើងយ៉ាងខ្លាំង ប៉ុន្តែវាក៏បាននាំមកនូវហានិភ័យដ៏ធំមួយផងដែរ នោះគឺ «ព័ត៌មានក្លែងក្លាយ»។ ដោយព័ត៌មានក្លែងក្លាយមិនត្រឹមតែបំពុលសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំផ្លាញទំនុកចិត្ត យល់ច្រឡំ និងបង្កើតភាព វឹកវរនៅក្នុងគ្រួសារ និងសហគមន៍របស់យើងទៀតផង។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្នុងនាមយើងជាយុវវ័យសម័យថ្មី យើងត្រូវតែរៀបចំខ្លួនឱ្យក្លាយជា «ពលរដ្ឋឌីជីថលល្អ» និងជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន»ម្នាក់ដ៏សកម្ម។

ឯកឧត្តមបន្តថា ការចែករំលែកព័ត៌មានដោយការទទួលខុសត្រូវ គឺជារបាំងការពារសង្គមជាតិពីការបំពុលព័ត៌មាន។ មុននឹងយើងជឿ ឬចុចប៊ូតុង Share ទៅកាន់មិត្តភ័ក្តិ គ្រួសារ ឬសហគមន៍ យើងត្រូវតែ «ឈប់បន្តិចសិន!» ដើម្បីផ្ទៀងផ្ទាត់រកប្រភពច្បាស់លាស់ ត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់។ យុវវ័យជាពលរដ្ឋឆ្លាតវៃ យើងត្រូវប្រើប្រាស់បច្ចេកវិទ្យាដោយភាពវៃឆ្លាត ចេះគិតគួរត្រិះរិះ និងមិនងាយចាញ់បោកពាក្យចចាមអារ៉ាមឬព័ត៌មានប្រឌិតឡើយ។ បន្ថែមពីនោះយើងត្រូវឈ្វេងយល់ និងចូលរួមចែករំលែកចំណេះដឹង អំពីសុវត្ថិភាពព័ត៌មាន និងរបៀបបង្ការហានិភ័យឌីជីថលទាំងនេះដល់មនុស្សជុំវិញខ្លួន។ យើងត្រូវដឹងថា «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់និងអនុវត្តន៍សិទ្ធិកុមារនិងយុវវ័យ»។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លើកឡើថា ការផ្តោតលើសិស្សានុសិស្សសម្រាប់យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងសម័យឌីជីថល ដែលវិស័យព័ត៌មាននិងបច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យការចែករំលែកព័ត៌មាន និងការទទួលបានព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសយុវវ័យ កាន់តែរហ័សនិងមានភាពងាយស្រួល។ ប៉ុន្តែ វាក៏ជះឥទ្ធិពលអវិជ្ជមានដល់សិស្សផងដែរក្នុងការប្រឈមនឹងព័ត៌មានក្លែងក្លាយជាប្រចាំ ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់សិស្ស ប៉ះទង្គិតផ្លូវចិត្ត និងសតិអារម្មណ៍ បង្កការភាន់ច្រលំ ការបែកបាក់សាមគ្គីភាពនិងមិត្តភាព ការបាត់បង់សីលធម៌ ការសម្រេចចិត្តខុស ហើយអាចនាំដល់ការប្រើប្រាស់អំពើហិង្សានៅក្នុងសាលានិងសង្គមផងដែរ។

លោក លី ប៊ុនណា យល់ឃើញថា ការលើកកម្ពស់អក្ខរកម្មព័ត៌មានអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល គឺជាកិច្ចការចាំបាច់សម្រាប់សិស្សានុសិស្សក្នុងសតវត្សទី២១នេះ។ ការបញ្ជ្រាបការយល់ដឹងរបស់យុវជនឱ្យចេះគិត ចេះវិភាគ ចេះផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ គឺជាមូលដ្ឋានសំខាន់ក្នុងការកសាង «ពលរដ្ឋឌីជីថល» ប្រកបដោយសមត្ថភាព និងសីលធម៌៕


ដោយ ឃុត សៅ





