ពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦នេះ មានស្តង់ដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន និងបច្ចេកវិទ្យាឌីជីថលចំនួន៤០០ស្តង់
AKP ភ្នំពេញ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៦--ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦នេះ មានវាទគ្មិនជំនាញផ្នែកកសិកម្ម និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណង លើកស្ទួយ និងជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។

ក្នុងការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26នេះដែរក្រសួងកសិកម្មបានឱ្យដឹងថា មានស្ដង់ប្រមាណជា ៤០០ ដាក់តាំងបង្ហាញនូវកសិផលយុទ្ធសាស្ត្រ៩មុខ មានដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ និងផលិតផលផ្សេងៗជាច្រើនទៀត ព្រមទាំងមានដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន បច្ចេកវិទ្យាឌីជីថល ធាតុចូលកសិកម្មជាដើម។

ព្រឹត្តិការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា លើកទី២ (CAFE26)នេះ រៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយចាប់ផ្តើមបើកដំណើរការជាផ្លូវការពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦៕
ដោយ មករា





