ឯកឧត្ដម គួច ចំរើន នាំអំណោយ ចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ
AKP ខេត្តកណ្តាល ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៦– ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមអាជ្ញាស្រុក មន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងសប្បុរសជននានា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន ១៨៦ គ្រួសារ ស្ថិតក្នុងស្រុកពញាឮ។

បន្ទាប់ពីបានទទួលព័ត៌មានពាក់ព័ន្ធនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយជំនួនទឹកភ្លៀង ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះទុក្ខលំបាកនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមអាជ្ញាស្រុក មន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងសប្បុរសជននានា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន ១៨៦ គ្រួសារ ស្ថិតក្នុង ឃុំចំនួន៣ រួមមាន ឃុំជ្រៃលាស់ ឃុំឈ្វាំង និងឃុំភ្នំបាត ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយជាក់ស្តែង បើទោះបីជាការនាំយកអំណោយមនុស្សធម៌មកចែកជូននាពេលនេះ មិនអាចដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋបានទាំងស្រុងក៏ដោយ ប៉ុន្តែជាការចូលរួមចំណែកជួយសម្រាលការខ្វះខាតរបស់បងប្អូនបានមួយរយៈផងដែរ។
អាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពជំនន់ ដោយបញ្ជាក់ថា ប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែម ទឹកអាចនឹងស្រកចុះក្នុងពេលឆាប់ៗខាងមុខ រដ្ឋបាលខេត្តនឹងបន្តពិនិត្យ និងជំរុញការកាយរំដោះទឹក ដើម្បីពន្លឿនការហូរចេញ និងធ្វើឱ្យទឹកស្រកបានឆាប់រហ័ស។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមានពីទឹកជំនន់ ជាពិសេសចំពោះកុមារ និងមនុស្សចាស់ ជៀសវាងការលេងទឹក និងប្រុងប្រយ័ត្នចំពោះសត្វអសិរពិស ព្រមទាំងជំងឺផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលទឹកជំនន់ ត្រូវមានការរស់នៅប្រកបដោយអនាម័យ ផឹកស្អាត និងហូបស្អាត ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ។
អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីចុះអន្តរាគមន៍ សង្គ្រោះ និងព្យាបាលប្រជាពលរដ្ឋនៅពេលមានតម្រូវការ ។ ចំពោះកម្លាំងសមត្ថកិច្ច និងកម្លាំងពាក់ព័ន្ធ ឯកឧត្តមអភិបាល បានណែនាំឱ្យជួយសម្រួលចរាចរណ៍ ត្រៀមកម្លាំងសង្គ្រោះ និងកម្លាំងគាំទ្រ ដើម្បីអាចចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានបញ្ហា ឬតម្រូវការជំនួយផ្សេងៗ ប្រជាពលរដ្ឋអាចទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានការជួយសង្គ្រោះ និងដោះស្រាយឱ្យបានទាន់ពេលវេលា។

សូមជម្រាបថា អំណោយដែលសាខាបានចែកជូនជនរងគ្រោះនាថ្ងៃនេះ គឺក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ ១យួរ ទឹកសុទ្ធ ១កេស ទឹកក្រូច ១ កេស ឃីតសម្លៀកបំពាក់ ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





