មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ការគោរពច្បាប់បទដ្ឋានគតិយុត្តិ គឺជាកត្តាចម្បងដែលគ្រូពេទ្យគ្រប់រូបត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងជាប់លាប់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៦– ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិថ្លែងថា ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការព្យាបាល និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិយល់ឃើញថា ការគោរពច្បាប់បទដ្ឋានគតិយុត្តិ គឺជាកត្តាចម្បងដែលគ្រូពេទ្យគ្រប់រូបត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងជាប់លាប់ ដើម្បីធានាការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រក្នុងការការពារសុខភាព និងសុខុមាលភាពរបស់អ្នកជំងឺ។

ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងសុខាភិបាលយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈនិយាម និងដែនកំណត់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្តមគូសបញ្ជាក់ថា ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ មិនមែនជាឧបសគ្គចំពោះការប្រកបវិជ្ជាជីវៈនោះ ទេ។ ផ្ទុយទៅវិញវាជាមូលដ្ឋានគ្រឹះសម្រាប់ការពារអ្នកជំងឺ ការពារសុខភាពសាធារណៈ ថែរក្សាកិត្តិយស របស់គ្រូពេទ្យ និងធានាថា ការអនុវត្តវិជ្ជាជីវៈប្រព្រឹត្តទៅដោយត្រឹមត្រូវ និងមានទំនួលខុសត្រូវ។ ការគោរពច្បាប់ និងក្រមសីលធម៌ មិនមែនគ្រាន់តែជាការបំពេញកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការ បង្ហាញនូវមនសិការវិជ្ជាជីវៈ ការគោរពជីវិតមនុស្ស និងការប្តេជ្ញាចិត្តក្នុងការបម្រើអ្នកជំងឺដោយស្មោះត្រង់។

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា បានបន្តថា សូមយើងចងចាំថា ការកសាងគ្រូពេទ្យល្អ គឺជាការកសាងកិត្តិយសវិជ្ជាជីវៈ ការកសាងកិត្តិយសវិជ្ជាជីវៈ គឺជាការកសាងទំនុកចិត្តសាធារណជន ហើយការកសាងទំនុកចិត្តសាធារណជន គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមានចីរភាព។
តាងនាមក្រសួងសុខាភិបាល និងគណៈគ្រូពេទ្យកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបំពេញបេសកកម្ម និងតួនាទីរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនៃការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជាឱ្យប្រព្រឹត្តទៅស្របតាមច្បាប់ ក្រមសីលធម៌ និងស្តង់ដារវិជ្ជាជីវៈ ព្រមទាំងរួមចំណែកក្នុងការធានាសុវត្ថិភាពអ្នកជំងឺ ការពារសុខភាពសាធារណៈ និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើគ្រូពេទ្យខ្មែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត ព្រំ វិសេស នាយករង មន្ទីរពេទ្យព្រះកេតុមាលាបានឱ្យដឹងថា មន្ទីរពេទ្យព្រះកេតុមាលាជាមន្ទីរពេទ្យធំជាងគេបង្អស់របស់កងយោធពលខេមរភូមិន្ទ និងសំខាន់មួយ ដែលមានឯកទេសច្រើនផ្នែក និងតួនាទីសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលជូនយោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋ ព្រមទាំងការសង្គ្រោះ និងព្យាបាលយោធិនរងរបួស ឬមានជំម្ងឺ។

មន្ទីរពេទ្យក៏មានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសុខាភិបាល និងមន្ទីរពេទ្យយោធារបស់ប្រទេសជាមិត្ត ដើម្បីអភិវឌ្ឍធនធានមនុស្ស បច្ចេកទេសឧបករណ៍វេជ្ជសាស្ត្រ និងសេវាព្យាបាល ដោយបច្ចុប្បន្នមន្ទីរពេទ្យទទួលបាននូវធនធានមនុស្សជាវេជ្ជបណ្ឌិតសរុបចំនួន ៤០៦នាក់ និងមានគិលានុបដ្ឋាកចំនួន ៤៧០នាក់ ដែលបំពេញការងារនៅតាមអគារនៅក្នុងមន្ទីរពេទ្យទាំងមូល ហើយសុទ្ធតែមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការបំពេញការងារតាមមុខនាទីរៀងៗខ្លួន៕ដោយ៖
ចាន់ សុភឿន





