អ៊ីស្រាអែលបែងចែកថវិកាចំនួន ៥១លានដុល្លារអាម៉េរិកដើម្បីសាងសង់លំនៅឋានខុសច្បាប់ចំនួន ៦៩កន្លែងនៅតំបន់វេស្តប៊ែងដែលបានកាន់កាប់
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ -- អ៊ីស្រាអែលបានបែងចែកថវិកាចំនួន ១៥២លានសេកែល (៥១លានដុល្លារអាម៉េរិក) ដើម្បីរៀបចំផែនការសាងសង់សម្រាប់ការតាំងទីលំនៅខុសច្បាប់ចំនួន ៦៩កន្លែងនិងប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងតំបន់វេស្តប៊ែងដែលបានកាន់កាប់។ នេះបើយោងតាមក្រុមប្រឆាំងនឹងការតាំងទីលំនៅរបស់អ៊ីស្រាអែល Peace Now បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។
ការបែងចែកថវិកានេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលបោះឆ្នោតតាមទូរស័ព្ទដោយបណ្តារដ្ឋមន្ត្រីកាលពីសប្តាហ៍មុន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមនេះ ដោយបានបន្ថែមថា រដ្ឋាភិបាលក៏កំពុងរៀបចំសេចក្តីព្រាងសេចក្តីសម្រេចមួយ ដើម្បីបែងចែកថវិកាជាង ១ពាន់លានសេកែល (៣៣៧លានដុល្លារអាម៉េរិក) ដើម្បីបង្កើតការតាំងទីលំនៅខុសច្បាប់និងប៉ុស្តិ៍ត្រួតពិនិត្យថ្មីនៅក្នុងទឹកដីដែលបានកាន់កាប់នោះផងដែរ។
ក្រុម Peace Now បាននិយាយថា ការសម្រេចចិត្តនេះបានបែងចែកថវិកាទៅឱ្យក្រសួងលំនៅដ្ឋាន ដើម្បីបញ្ចប់នីតិវិធីធ្វើផែនការដំបូងសម្រាប់ការតាំងទីលំនៅដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលរវាងឆ្នាំ២០២៣ និងឆ្នាំ២០២៥ រួមជាមួយនឹងការរៀបចំផែនការពង្រីកអគារតាំងទីលំនៅនៅក្នុងតំបន់វេស្តប៊ែង។
មិនមានការអត្ថាធិប្បាយភ្លាមៗពីរដ្ឋាភិបាលចំពោះរបាយការណ៍នេះទេ។
សេចក្តីរាយការណ៍ដាច់ដោយឡែកមួយដោយសារព័ត៌មាន Axios បាននិយាយថា គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងអនុម័តផែនការសម្រាប់ផ្តល់មូលនិធិដល់ការបង្កើតការតាំងទីលំនៅថ្មីចំនួន៦១កន្លែងនៅក្នុងតំបន់វេស្តប៊ែង។
សេចក្តីរាយការណ៍នេះបាននិយាយថា រដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ជាង ៣៥០លានដុល្លារអាម៉េរិកក្នុងរយៈពេលជាច្រើនឆ្នាំដើម្បីបង្កើតការតាំងទីលំនៅថ្មីចំនួន ៦១កន្លែងដែលទើបត្រូវបានអនុម័ត។ផែនការនេះនឹងផ្តល់ហិរញ្ញប្បទានដល់ទីតាំងលំនៅដ្ឋានបណ្តោះអាសន្នអគារសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ សូម្បីតែមុនពេលផែនការផ្លូវការត្រូវបានបញ្ចប់ ដែលតំណាងឱ្យការពង្រីកការតាំងទីលំនៅដ៏ធំបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





