ក្រុមការងារនីតិកម្ម អាជ្ញាធរទន្លេសាប ចុះផ្សព្វផ្សាយការយល់ដឹងពាក់ព័ន្ធការការពារ ថែរក្សា និងអភិរក្សដែនព្រៃលិចទឹកតំបន់៣ នៅស្រុកជលគីរី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៦--លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ អាជ្ញាធរទន្លេសាប ដោយមានការចូលរួមពីលោក មុត ម៉េង អភិបាលរងស្រុកជលគិរី តំណាងលោកអភិបាលស្រុក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានសហការចុះប្រជុំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងភូមិសាស្រ្ត ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

លោក យ៉ាន់ សំរិទ្ធ បានលើកឡើងថា វគ្គផ្សព្វផ្សាយនេះ បានអញ្ជើញចូលរួមពី តំណាងលោកអភិបាលរងស្រុក ព្រមទាំងលោក លោកស្រី ជាមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ តំណាងសហគមន៍នេសាទ និងប្រជាពលរដ្ឋរស់នៅក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ដោយឡែក វគ្គផ្សព្វផ្សាយនេះ មានគោលបំណងផ្ដោតសំខាន់ រួមមាន÷ ទី១ បង្កើនការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក និងទី២ សំដៅធានាឱ្យបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប ប្រកបដោយនិរន្តរភាព ។

ក្នុងឱកាសនេះដែរ មន្ត្រីការិយាល័យសម្របសម្រួលវិវាទ ក៏បានជួបពិភាក្សាសិក្សាស្វែងយល់ពីវិវាទទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ ជាមួយមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធរបស់រដ្ឋបាលសាលាស្រុកជលគីរី ផងដែរ ៕
ដោយ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





