ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាក្លាយជាប្រទេសទី១ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងប្រទេសមួយក្នុងចំណោមប្រទេស៧ក្នុងពិភពលោក ដែលអាចសម្រេចបានគោលដៅសកលយ៉ាងត្រចះត្រចង់នៃការប្រយុទ្ធនឹងជំងឺអេដស៍
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦--ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍ នាព្រឹកនេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កម្ពុជាបានសម្រេចស្នាដៃដ៏លេចធ្លោមួយទៀតហើយ នៅក្នុងតំបន់និងពិភពលោក, ដោយបានក្លាយជាប្រទេសទី១ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងប្រទេសមួយក្នុងចំណោមប្រទេស៧ក្នុងពិភពលោក ដែលអាចសម្រេចបានគោលដៅសកលយ៉ាងត្រចះត្រចង់នៃការប្រយុទ្ធនឹងជំងឺអេដស៍។ ជោគជ័យដ៏ធំធេងនេះបានទទួលការសាទរនិងកោតសរសើរពីលោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នៃកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍(UNAIDS)។ ការអបអរសាទរនិងកោតសរសើរនេះត្រូវបានធ្វើឡើងនាឱកាសដែលលោកនាយកប្រចាំតំបន់រូបនេះបានអញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី នៅវិមានសន្តិភាព កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា ជោគជ័យដែលកម្ពុជាសម្រេចបាននោះគឺ គោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ មានន័យថា ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នកដែលដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៥% នៃអ្នកដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍កម្រិតទាប ដែលជាដំណើរឆ្ពោះទៅរកការបញ្ចប់ការគំរាមកំហែងចំពោះសុខភាពសាធារណៈ ដោយសារអេដស៍ នៅឆ្នាំ២០៣០។
ក្រៅពីសាទរចំពោះជោគជ័យដ៏ធំធេងនេះ លោកនាយកប្រចាំតំបន់នៃកម្មវិធីអង្គការសហប្រជាជាតិក៏បានសម្ដែងការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជានិងបានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការពង្រឹងវិស័យសុខាភិបាល។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ពិសេសការដាក់ចេញនិងការអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិស្តីពីគាំពារសង្គម។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល ក៏ដូចជាការគាំទ្រដល់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនលោកនាយកប្រចាំតំបន់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែផ្តល់អាទិភាពខ្ពស់ និងចាត់ទុកប្រជាជនជាស្នូល តាមរយៈការលើកកម្ពស់សុខភាព, ការអប់រំ និងការបង្កើតការងារ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់ការរីកចម្រើនរបស់ប្រទេសជាតិ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំលើកកម្ពស់វិស័យសុខាភិបាល តាមរយៈការធ្វើឱ្យកាន់តែប្រសើឡើងនូវមូលដ្ឋានសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។
សូមរម្លឹកជូនថា កម្ពុជាក៏ធ្លាប់បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំ និងចាត់ចែងបានល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលកន្លងទៅនេះ។ ទោះបីជាប្រទេសតូចនិងមានវិស័យសុខាភិបាលមិនទាន់រឹងមាំ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាមានភាពវៀងវៃប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង វិបត្តិសុខភាពសាធារណៈដែលបង្កឡើងដោយជំងឺដ៏កាចសាហាវនេះបានលឿនរហ័ស និងអាចកាត់បន្ថយគ្រោះថ្នាក់ និងហានីភ័យ ចំពោះប្រជាជនហួសពីការរំពឹងទុក៕

ដោយ៖ គង់ សិរីរ័ត្ន





