ឯកឧត្តម ប៉ែន បូណា៖ ថ្ងៃនេះ គឺជាខួបគម្រប់មួយឆ្នាំគត់នៃការចាប់ផ្តើមអធិករណ៍នៃការឈ្លានពានទឹកដីកម្ពុជាពីសំណាក់កងកម្លាំងថៃ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦--ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជាខួបគម្រប់មួយឆ្នាំគត់នៃការចាប់ផ្តើមអធិករណ៍នៃការឈ្លានពានទឹកដីកម្ពុជាពីសំណាក់កងកម្លាំងថៃ។ រយៈពេលពេញមួយឆ្នាំមកនេះ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា ដោយមានវីរយុទ្ធជនដ៏អង់អាចក្លាហាន និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានខិតខំគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដីផង និងថែរក្សាការពារសន្តិភាពជូនប្រទេសជាតិផង។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បន្ទាប់ពីស្វះស្វែងរកបាននូវបទឈប់បាញ់ពីរលើក រាជរដ្ឋាភិបាលបាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មក្លៀវក្លាបំផុតនិងឥតឈប់ឈរឡើយ។ ពីអាស៊ានឈានទៅអាស៊ី អូសេអានី អឺរ៉ុប សហរដ្ឋអាម៉េរិក រហូតដល់ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សកម្មភាពគ្រប់យ៉ាងផ្សារភ្ជាប់ជានិច្ចជាមួយបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែង ម៉ោងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រិបត្តិការអន្តរជាតិ កំពុងស្ថិតនៅឯទីក្រុងញូវយ៉ក ក្នុងដំណើរចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ចេញសំឡេងការពារសន្តិភាព និងបូរណភាពទឹកដី។ ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា បទពិសោធន៍ផ្ទាល់របស់កម្ពុជាបានបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ និងការថែរក្សាសន្តិភាព។ ជាក់ស្តែង នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា UNTAC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារប្រទេសកម្ពុជាឡើងវិញ។
ដោយធ្លាប់បានឆ្លងកាត់ការរងទុក្ខវេទនា និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ដល់សន្តិភាព ជឿជាក់យ៉ាងមុតមាំថា ជម្លោះទាំងឡាយត្រូវតែដោះស្រាយជាដាច់ខាតតាមរយៈការសន្ទនាការទូត ការគោរពគ្នាទៅវិញទៅមកនិងគោរពច្បាប់អន្តរជាតិ។ ក្នុងស្មារតីនេះ កម្ពុជាសូមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ ក្នុងការទាមទារឱ្យមានបទឈប់បាញ់និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃ ដោយអនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ព្រំដែននិងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំងឬតាមរយៈការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) នោះឡើយ។ ទោះបីជាបទឈប់បាញ់ត្រូវបានបន្តរក្សាក៏ដោយ កម្ពុជានៅតែមានការព្រួយបារម្ភចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ដែលកំពុងត្រូវបានទន្ទ្រានកាន់កាប់យ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា។ ហេតុដូច្នេះ បទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ជាពិសេសសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាំបាច់ត្រូវតែអនុវត្តឱ្យបានពេញលេញ ដោយមានប្រសិទ្ធភាពទាំងស្រុង និងជាបន្ទាន់។
ក្នុងន័យនេះ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនា ការអនុវត្តដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក នៅតែជាកត្តាសំខាន់បំផុតក្នុងការស្តារទំនុកចិត្តឡើងវិញ ការធានាសន្តិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលភៀសសឹកអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធីទាំងនេះ ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ទាំងមូល។
ដោយឡែក ក្នុងជំនួបពិភាក្សាជាមួយសមភាគីថៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ឡើងវិញប្រាប់ភាគីថៃពីជំហររបស់កម្ពុជា ទាក់ទងនឹងការសម្រេចផ្តួចផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងបានស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយស្មោះត្រង់ និងដោយសុច្ឆន្ទៈនូវសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លើខ្លឹមសារទាំងមូល។
កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយថៃដើម្បីអនុវត្តវិធានការនានាដែលប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នានៅកោះសេប៊ូ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីកសាងទំនុកចិត្តឡើងវិញនិងខិតខំស្វែងរកដំណោះស្រាយដោយយុត្តិធម៌ និងយូរអង្វែង។អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមគូសបញ្ជាក់ជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងជំរុញឱ្យមានការវាស់វែងខណ្ឌសីមាព្រំដែនជាបន្ទាន់តាមកិច្ចព្រមព្រៀង៕

ដោយ៖ គង់ សិរីរ័ត្ន





