ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺទទួលស្វាគមន៍ និងរួមបើកកម្មវិធីទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ RULE ក្រោមប្រធានបទលើកកម្ពស់ការអប់រំ និងទេសចរណ៍
AKP កំពង់ស្ពឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦-- លោក ងួន វាសនា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍ និងសំណេះសំណាល ជាមួយក្រុមនិស្សិតថ្នាក់ពិសេសផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំង និងអង់គ្លេសនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានធ្វើទស្សនកិច្ចសិក្សានៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «បណ្តុះស្មារតីយុវជន លើកកម្ពស់ការអប់រំ និងទេសចរណ៍ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព»នៅសាលាបឋមសិក្សាព្រៃជុំ និងមណ្ឌលកុមារកំព្រាព្រៃជុំស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានមន្ទីរព័ត៌មានខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមនិស្សិតថ្នាក់ពិសេសជាច្រើនរូប។

ដំណើរទស្សនកិច្ចសិក្សានាឱកាសនេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបើកឱកាសឱ្យនិស្សិតជានិស្សិតជាន់ខ្ពស់ បានសិក្សាស្វែងយល់ផ្ទាល់ពីសក្តានុពលជាក់ស្តែងក្នុងមូលដ្ឋាន ពិសេសលើវិស័យទេសចរណ៍ និងការគ្រប់គ្រងសេដ្ឋកិច្ច។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះបានសង្កត់ធ្ងន់លើការបណ្តុះគំនិតច្នៃប្រឌិត និងស្មារតីទទួលខុសត្រូវរបស់យុវជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសហគមន៍ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ លោក ងួន វាសនា អភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានសម្តែងការកោតសរសើរ ក៏ដូចជាការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមនិស្សិតថ្នាក់ពិសេសទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានជ្រើសរើសទឹកដីនៃខេត្តកំពង់ស្ពឺ ធ្វើជាគោលដៅក្នុងដំណើរទស្សនកិច្ចសិក្សាដ៏មានសារៈសំខាន់នេះ។

លោកបានសង្កត់ធ្ងន់ថា យុវជនគឺជាសសរទ្រូង និងជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការអភិវឌ្ឍសង្គមជាតិ ការជ្រើសរើសប្រធានបទស្តីពី ការអប់រំ និងទេសចរណ៍ នាថ្ងៃនេះ គឺពិតជាស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការកសាងមូលធនមនុស្ស និងការជំរុញកំណើនសេដ្ឋកិច្ចបៃតង។
លោកបានបន្តអំពាវនាវ និងផ្តល់ការណែនាំដល់ប្អូនៗនិស្សិតទាំងអស់ ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ជាក់ស្តែងពីដំណើរទស្សនកិច្ចនេះ ដើម្បីយកទៅផ្សារភ្ជាប់ជាមួយនឹងទ្រឹស្តីដែលបានសិក្សានៅក្នុងសាលា ព្រមទាំងត្រូវចូលរួមចំណែកឱ្យបានសកម្មក្នុងការជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ក៏ដូចជាវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរយើង ទៅកាន់ពិភពលោក តាមរយៈចំណេះដឹងភាសាបរទេស (បារាំង និងអង់គ្លេស) ដែលប្អូនៗកំពុងមាននៅក្នុងដៃ។

ចំណែកឯតំណាងក្រុមនិស្សិតថ្នាក់ពិសេសក៏បានលើកឡើងផងដែរអំពីទស្សនវិស័យនៃការសិក្សា ដោយសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ត្រូវតែដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវលើបរិស្ថាន ការលើកកម្ពស់ការអប់រំ និងសាមគ្គីភាពសហគមន៍ ជាក់ស្តែង ជារៀងរាល់ឆ្នាំ ក្រុមនិស្សិតថ្នាក់ពិសេសផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រង តែងតែរៀបចំយុទ្ធនាការកៀរគរធនធាន និងរៃអង្គាសថវិកា ដោយសហការជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីនាំយកសម្ភារៈសិក្សា ជំនួយហិរញ្ញវត្ថុ និងស្បៀងអាហារ ទៅជួយឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា និងសាលារៀននៅជនបទ។

តំណាងនិស្សិតក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័នរដ្ឋ ឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា ដែលបានផ្តល់ការជឿទុកចិត្ត និងឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ទាំងថវិកា និងសម្ភារៈ ដែលធ្វើឱ្យដំណើរទស្សនកិច្ចសិក្សា និងសកម្មភាពមនុស្សធម៌នេះ ប្រព្រឹត្តទៅដោយជោគជ័យ និងបានរួមចំណែកយ៉ាងពិតប្រាកដដល់វឌ្ឍនភាពសង្គមជាតិផងដែរ៕
ដោយ៖ ម៉ែន ប៊ុនធីម





