ស្ពានអាកាសនៅទីក្រុងសេអ៊ូលបាក់រលំក្នុងអំឡុងពេលត្រួតពិនិត្យផ្នែក
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ -- កម្មករនៅលើស្ពានអាកាសSeosomun បានរកឃើញការពត់កោងដ៏គ្រោះថ្នាក់នៅក្នុងរចនាសម្ព័ន្ធសាងសង់ជាច្រើនម៉ោងមុនពេលវាបាក់រលំ ប៉ុន្តែនៅតែបន្តធ្វើការលើស្ពានអាកាសនេះដដែល ជាជាងចាកចេញពីការដ្ឋាន។ នេះបើយោងតាមរដ្ឋបាលក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃពុធនៅក្នុងរបាយការណ៍លម្អិតដំបូងរបស់ខ្លួនអំពីគ្រោះថ្នាក់នេះ។
យោងតាមលោក លីម ជូនគិន ប្រធានការិយាល័យហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង បានឱ្យដឹងថា កម្មករបានចាប់ផ្តើមកាត់បន្ទះ S9 - ផ្នែកទីប្រាំបួនដែលលាតសន្ធឹងលើផ្លូវដែក - នៃស្ពានអាកាសអាយុ ៦០ឆ្នាំមួយនេះនៅវេលាម៉ោងប្រហែល ០១:៣០នាទីព្រឹកថ្ងៃអង្គារ។ ប្រហែលមួយម៉ោងក្រោយមក ពួកគេបានរកឃើញការពត់កោងប្រហែល ២៩មីលីម៉ែត្ររវាងធ្នឹមពីរ ហើយបានបញ្ឈប់ប្រតិបត្តិការ។
នៅពាក់កណ្តាលរសៀល ខណៈដែលវិស្វករ និងមន្ត្រីបានត្រឡប់ទៅស្ពានអាកាសនោះវិញដើម្បីពិនិត្យមើលការខូចខាត និងពិភាក្សាថា តើត្រូវបិទចរាចរណ៍ផ្លូវគោក និងផ្លូវដែកខាងក្រោមឬអត់។ នៅវេលាម៉ោង០២:៣៣រសៀល ដោយគ្មានការព្រមានជាមុន ផ្នែកមួយប្រវែង ១៥ម៉ែត្របានដួលរលំទៅលើផ្លូវដែក ដោយសម្លាប់មនុស្សបីនាក់ និងរបួសធ្ងន់ធ្ងរបីនាក់ផ្សេងទៀត។
លោក លីម បាននិយាយថា «ដើម្បីពិនិត្យមើលស្ថានភាពនៃធ្នឹម កម្មករប្រហែលជាបានកំណត់ថា មាននរណាម្នាក់ត្រូវចូលទៅក្រោមបន្ទះថ្មនោះ»។
នៅពេលសួរថា ហេតុអ្វីបានជារដ្ឋបាលក្រុងមិនបានបិទផ្លូវ និងផ្លូវដែកនៅពេលដែលបញ្ហានៅរបត់នោះត្រូវបានរកឃើញ មន្ត្រីរូបនេះបាននិយាយថា ការត្រួតពិនិត្យនៅពេលរសៀលគឺមានន័យថា ដើម្បីកំណត់ថា តើការបិទបែបនេះពិតជាចាំបាច់ឬអត់។
លោក លីម បានកត់សម្គាល់ថា ការពិនិត្យឡើងវិញនូវការរចនាពីមុនមិនបានរកឃើញបញ្ហាសំខាន់ៗជាមួយនឹងស្ថេរភាពរចនាសម្ព័ន្ធនៃធ្នឹមក្រោមវិធីសាស្ត្ររុះរើ ដែលបានជ្រើសរើសនោះទេ។
ការងាររុះរើនៅការដ្ឋានឥឡូវនេះ ត្រូវបានផ្អាកក្រោមបទបញ្ជាបញ្ឈប់ការងារដែលចេញដោយក្រសួងការងារកូរ៉េខាងត្បូង។ ក្រសួងកំពុងពិនិត្យឡើងវិញនូវផែនការបន្តឡើងវិញ ដែលបានដាក់ជូនដោយរដ្ឋបាលក្រុងមុនថ្ងៃនោះ។ ប្រសិនបើផែនការនេះត្រូវបានអនុម័ត មន្ត្រីក្រុងប៉ាន់ប្រមាណថា វានឹងចំណាយពេលប្រហែល ៤០ម៉ោងនៃការងារជាបន្តបន្ទាប់ដើម្បីរុះរើផ្នែកដែលខូចខាត និងសម្អាតរនាំង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





