លោក លី អំពាវនាវឱ្យមានការរៀបចំយ៉ាងហ្មត់ចត់សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការយូណេស្កូ នៅទីក្រុងប៊ូសាននៅខែកក្កដា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង កាលពីថ្ងៃពុធ បានអំពាវនាវឱ្យមានការរៀបចំយ៉ាងហ្មត់ចត់សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) នៅក្នុងខែកក្កដាខាងមុខ។
លោកប្រធានាធិបតីបានធ្វើការអំពាវនាវនេះក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ ដើម្បីពិនិត្យមើលការរៀបចំ ខណៈដែលទីក្រុងធំទីពីររបស់ប្រទេសកូរ៉េគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែកក្កដា។
គណៈកម្មាធិការនេះទទួលខុសត្រូវក្នុងការជ្រើសរើសទ្រព្យសម្បត្តិសម្រាប់បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយកិច្ចប្រជុំរបស់គណៈកម្មាធិការនេះនាពេលខាងមុខ ត្រូវបានគេរំពឹងថានឹងមានការចូលរួមពីមន្រ្តីមកពីរដ្ឋជាសមាជិកចំនួន១៩៦។
នេះជាលើកដំបូងដែលប្រទេសកូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំរបស់គណៈកម្មាធិការនេះចាប់តាំងពីចូលរួមក្នុងអនុសញ្ញាបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៨៨។
លោក លី បានពិពណ៌នាអំពីសម័យប្រជុំនាពេលខាងមុខនេះថា ជាឱកាសដ៏សំខាន់មួយដើម្បីបង្ហាញពីសមត្ថភាពវប្បធម៌ជឿនលឿនរបស់ប្រទេសកូរ៉េខាងត្បូង និងភាពជាអ្នកដឹកនាំជាសកលនៅលើឆាកពិភពលោកដោយលោកបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងសម្រាប់ការរៀបចំ។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ការត្រៀមខ្លួនយ៉ាងហ្មត់ចត់ ជាពិសេសការដឹកជញ្ជូន កន្លែងស្នាក់នៅ និងសុវត្ថិភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





