គ្រួសាររដែលរងគ្រោះដោយខ្យល់កន្ត្រាក់០៧គ្រួសារ នៅស្រុកស្ទោង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
AKP កំពង់ធំថ្ងៃទី២១ ខែមេសាឆ្នាំ២០២៦--លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខាកាកក្រហមកម្ពុជា ខេត្ត កំពង់ធំ សមាជិកសមាជិកា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងកាលពីរសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦បាននាំយកអំណោយមនុស្ស ធម៌របស់សាខាកាកបាលក្រហមកម្ពុជាខេត្តកំពង់ធំចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្ទាក់ចំនួន០៧ខ្នងផ្ទះ ស្មើនិង៧គ្រួសារ មានរលំទាំងស្រុងចំនួន១ គ្រួសារនិងរបើកដំបូលចំនួន៦គ្រួសារនៅភូមិទំពេជឃុំទ្រា ស្រុកស្ទោង ខេត្ត កំពង់ធំដែលបានរងគ្រោះកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៥និង៤០នាទីល្ងាច។

ក្នុងឱកាសនោះលោកជំទាវអនុប្រធានអចិន្ត្រៃយ៍បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំដែលជានិច្ចកាលសម្ដេច និងឯកឧត្តមតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" ។

លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានមានប្រសាសន៍ទៀតថាដើម្បីបង្កើនសុខសុវត្ថិភាពសូមបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ។សូមខិតខំប្រកបរបររកស៊ីប្រចាំថ្ងៃដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃព្រមទាំងរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំ(ហូបស្អាត ផឹកស្អាត រស់នៅស្អាត)និងសម្រាកក្នុងមុងដើម្បីចៀសផុតពីជំងឺ គ្រុនឈាមដែលអាចកើតមានគ្រប់ ពេលវេលាមិនថាមនុស្សចាស់ឬក្មេងឡើយ។

សូមបញ្ជាក់ថា អំណោយបានប្រគល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកស៊ីអ៊ីវ០១យួរតង់១ ឃីត១កញ្ចប់និងថវិការមួយចំនួនផងដែរ៕

ដោយ៖ ស៊ុម វណ្ណា





