ប៉ាគីស្ថានបញ្ចប់ការរៀបចំសន្តិសុខសម្រាប់កិច្ចចរចាថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ -- ប្រទេសប៉ាគីស្ថានបាននិយាយកាលពីថ្ងៃចន្ទថា ការរៀបចំសន្តិសុខត្រូវបានដាក់ចេញមុនពេលកិច្ចចរចាថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដ។
យោងតាមសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក ម៉ូស៊ីន ណាកវី (Mohsin Naqvi) បានទៅទស្សនកិច្ចស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងអ៊ីស្លាម៉ាបាដ ហើយបានពិភាក្សាអំពីការរៀបចំសន្តិសុខដែលបានធ្វើឡើងសម្រាប់កិច្ចចរចាជុំទីពីរ ដែលរំពឹងទុកជាមួយភារធារីសហរដ្ឋអាមេរិកប្រចាំប៉ាគីស្ថាន លោកស្រី ណាតាលី បេកគ័រ(Natalie Baker)។
លោក ណាកវី បានរៀបរាប់លម្អិតអំពីការរៀបចំសន្តិសុខ និងបានអធិស្ឋានសម្រាប់ភាពជោគជ័យនៃកិច្ចចរចាជុំទីពីរនៃទីក្រុងអ៊ីស្លាម៉ាបាដ។
លោក ណាកវី ក៏បានជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក រ៉េហ្សា អាមីរី ម៉ូកាដាំ (Reza Amiri Moghadam) ផងដែរ ដើម្បីពិភាក្សាអំពីដំណាក់កាលទីពីរនៃកិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ។
លោកបាននិយាយថា «ការរៀបចំសម្រាប់ដំណាក់កាលទីពីរនៃកិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដត្រូវបានបញ្ចប់ ហើយការរៀបចំសន្តិសុខដ៏រឹងមាំត្រូវបានធ្វើឡើងសម្រាប់គណៈប្រតិភូបរទេស»។
លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃអាទិត្យថា តំណាងសហរដ្ឋអាមេរិកនឹងហោះទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដសម្រាប់កិច្ចចរចាជាមួយអ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេអេរ៉ង់មិនទាន់បានប្រកាសជាផ្លូវការអំពីការសម្រេចចិត្តរបស់ខ្លួននៅឡើយទេ ប៉ុន្តែបានទាមទារឱ្យមានការលើកលែងការបិទផ្លូវរបស់សហរដ្ឋអាមេរិកនៅកំពង់ផែអ៊ីរ៉ង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





