ប្រធានាធិបតីកូរ៉េខាងត្បូង៖ សន្តិភាពនៅមជ្ឈិមបូព៌ាមានសារៈសំខាន់សម្រាប់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោក
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង (Lee Jae Myung) បាននិយាយកាលពីថ្ងៃចន្ទថា ការស្តារសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ាគឺ «មានសារៈសំខាន់» សម្រាប់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោក។
លោក លី បានធ្វើការកត់សម្គាល់ខាងលើនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) បានទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងសម្រាប់កិច្ចប្រជុំកំពូលមួយនៅទីក្រុងញូវដេលីរបស់ប្រទេសឥណ្ឌា។
លោក លី បានទៅដល់ទីក្រុងញូវដេលីកាលពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងទៅកាន់ប្រទេសឥណ្ឌាក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមក។
លោកប្រធានាធិបតី លី បាននិយាយថា «ខ្ញុំបានផ្លាស់ប្តូរទស្សនៈលើព្រឹត្តិការណ៍ថ្មីៗដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា ហើយបានឯកភាពគ្នាថាការស្តារស្ថិរភាព និងសន្តិភាពនៅមជ្ឈិមបូព៌ា គឺមានសារៈសំខាន់ណាស់ចំពោះសន្តិសុខ និងសេដ្ឋកិច្ចពិភពលោក» ដោយលោកបានបន្ថែមថាប្រទេសទាំងពីរបានព្រមព្រៀងគ្នារក្សាកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការ«ដោះស្រាយ» បញ្ហាអន្តរជាតិ។
ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី លី បានធ្វើឡើងចំពេលដែលកំពុងមានភាពតានតឹងក្នុងតំបន់ បន្ទាប់ពីការវាយលុករបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សជាង៣.៣០០នាក់ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ បទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ត្រូវបានកំណត់ឱ្យផុតកំណត់នៅព្រឹកព្រលឹមថ្ងៃពុធសប្តាហ៍នេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





