អគ្គមេបញ្ជាការអញ្ជើញជួបផ្ទាល់សំណេះសំណាល និងនាំយកពរជ័យសិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦-- ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតចូលមកដល់នាថ្ងៃខាងមុខនេះ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន កំពុងបំពេញភារកិច្ចការពារជាតិ នៅទិសយោធភូមិភាគទី៣។

លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានសម្តែងនូវការស្វាគមន៍ និងសោមនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមអគ្គមេបញ្ជាការនាពេលនេះ ធ្វើឱ្យកងទ័ពមានអារម្មណ៍កក់ក្តៅ មានទឹកចិត្តមោះមុតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ព្រោះថា "សុខទុក្ខរបស់កងទ័ព គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ"។

នាឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ ផ្ញើជូនកងទ័ព និងក្រុមគ្រួសារកងទ័ព។ ឯកឧត្តមបានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះស្មារតីលះបង់ខ្ពស់ និងភាពអត់ធ្មត់របស់កងទ័ព ដែលជានិច្ចកាលតែងតែឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាច ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្តមអគ្គមេបញ្ជាការបានសង្កត់ធ្ងន់ថា ខណៈពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងជួបជុំក្រុមគ្រួសារសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បងប្អូនកងទ័ពនៅតែបន្តឈរជើងយ៉ាងស្វាហាប់។ នេះគឺជា "គំរូវីរភាពដ៏ថ្លៃថ្លា" ដែលបានមកពីការលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីប្រជាជន។

ឯកឧត្តមបានលើកទឹកចិត្តឱ្យកងទ័ពបន្តពង្រឹងសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ខិតខំហ្វឹកហាត់បង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមបានប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់កងទ័ពទាំងអស់ សូមមានសុខភាពមាំមួន ស្មារតីវាងវៃ និងទទួលបានជោគជ័យក្នុងភារកិច្ចបម្រើជាតិ និងប្រជាជន៕
ដោយ សំ សាម៉ន (ប្រភព៖ បញ្ជាការកងទ័ពជើងគោក)





