កម្ពុជាសោកស្តាយករណីផ្ទុះអាវុធបង្ក ឡើងដោយកម្លាំងយោធាថៃចំនួន៥លើកដែលផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦--អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូស បញ្ជាក់ថាកម្ពុជាសោកស្តាយចំពោះករណីផ្ទុះអាវុធដែលបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើកដែលផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំង ពីរបានឯកភាពគ្នា។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋា ភិបាលបានលើកឡើងក្នុងសន្នីនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ថាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកថា ជាការគួរឱ្យសោកស្តាយបំផុតចំពោះករណីផ្ទុះអាវុធដែលបង្កឡើងដោយកម្លាំងយោធាថៃចំនួន៥ លើក កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះមានការបាញ់កាំ ភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន៩គ្រាប់។ហេតុការណ៍នេះកើតឡើង ក្នុងខណៈពេលដែលក្រសួងការពារជាតិកម្ពុជា បានសម្រប សម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ស្ថានការណ៍នៅក្រោយបទឈប់បាញ់ចូលជាធរមាន។
អ្នកនាំពាក្យបានលើកឡើងថាសកម្មភាពបែបនេះរបស់ភាគីថៃ គឺផ្ទុយទៅនឹងស្មារ តីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន ហើយកងកម្លាំងរបស់កម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។
សូមបញ្ជាក់ជូនថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូ មិភាគទី៤កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ថៃរួចរាល់ហើយ។
គួររម្លឹកថា ក្នុងសប្តាហ៍នេះ ក្រសួងការពារ ជាតិកម្ពុជាបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០ ២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជា ណាចក្រកម្ពុជាដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានដូចជា តំបន់អូរភ្លុកដំរី ច្រកជ័យជំនះ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកងទ័ពថៃបន្តកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់រាយលួសបន្លា និងទូរកុងតឺន័រ និងស្ពានស្ទឹងមេទឹក ក្នុងខេត្តពោធិ៍សាត់ ដែលបានរងការវាយប្រហារដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសរបស់ថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពនៃការចុះសង្កេតការណ៍របស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខ និងសន្តិភាព មិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់ និងពិភពលោកទាំងមូល។
ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់។
ជាមួយគ្នានោះដែរឯកឧត្តមក៏បានលើក ឡើងថាពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេសទៅកាន់តំបន់ព្រំដែន ស្ថានទូតបរទេសប្រចាំកម្ពុជាដែលបានចូលរួម បានសម្តែងការគាំទ្រចំពោះដំណើរទស្សនកិច្ចដើម្បីពិនិត្យមើលស្ថានការណ៍ជាក់ស្តែង និងពង្រឹងប្រសិទ្ធភាពនៃបទឈប់បាញ់។ ជាក់ស្តែងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ស្ថានទូតអង់គ្លេសនៅតែបន្តតាមដានយ៉ាងជាប់លាប់នូវស្ថានភាពនៅតាមព្រំដែន និងផលប៉ះពាល់ទៅលើសហគមន៍ក្នុងតំបន់។ ស្ថានទូតអង់គ្លេសបញ្ជាក់ថា បានចូលរួមក្នុងដំណើរទស្សនកិច្ចរបស់កងអនុពន្ធ័យោធាបរទេសនៅសប្តាហ៍នេះ ទៅកាន់ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីស្ថានភាពជាក់ស្តែង និងអនុញ្ញាតឱ្យយើងយល់កាន់តែច្បាស់អំពីផលប៉ះ ពាល់របស់វា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហការីនៅក្រសួងការពារជាតិ ដែលបានរៀបចំដំណើរទស្សនកិច្ចនេះ និងឆន្ទៈក្នុងការចែករំលែកទស្សនៈរបស់ពួកគេជាមួយសហគមន៍អន្តរជាតិ។
ចំណែកស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានចាត់មន្ត្រីទីប្រឹក្សា និងជាអនុព័ន្ធយោធាមួយរូប និងប្រធានផ្នែកកិច្ចការនយោបាយមួយរូបឱ្យចូលរួមដំណើរទស្សនកិច្ចនេះ ក៏បានបង្ហោះសារដែរថា រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ហើយនឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ៕

ដោយ៖ ប៊ុនរិទ្ធ





