អេស្ប៉ាញនិងសហភាពអឺរ៉ុបបានយក ចិត្តទុកដាក់ តាមដានស្ថានភាពជម្លោះរវាងកម្ពុជា និងថៃ និងគាំទ្រដល់ការដោះ ស្រាយបញ្ហាដោយសន្តិវិធី និងគោរព ច្បាប់អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦--អេស្ប៉ាញក៏ដូចជាសហភាពអឺរ៉ុបបានយកចិត្តទុកដាក់ តាមដានស្ថានភាពជម្លោះរវាងកម្ពុជា និងថៃ និងគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។នេះបើតាមសេច ក្តីប្រកាសព័ត៌មានស្តីពីទស្សនកិច្ចការ ងារទៅកាន់សភាអេស្ប៉ាញ រដ្ឋសភាកម្ពុជា។
ប្រភពបានលើកឡើងថាតាមការអញ្ជើ ញរបស់សភានៃព្រះរាជាណាចក្រអេ ស្ប៉ាញ និងក្នុងនាមជាតំណាងសម្តេចមហា រដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដោយមានការ ចូលរួមពី ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងមន្ត្រីអគ្គលេខាធិការដ្ឋាន បានបំពេញទស្សនកិច្ចការងារទៅកាន់សភានៃព្រះរាជាណាចក្រអេស្ប៉ាញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

គណៈប្រតិភូបានជួបសំដែងការគួរសមចំពោះ ឯកឧត្តម Javier Maroto អនុប្រធានទី១នៃព្រឹទ្ធសភា មកពី គណបក្សប្រជាជន និងលោកជំទាវ Concepción Andreu Rodríguez អនុប្រធានទី២នៃព្រឹទ្ធសភា មកពី គណបក្សសង្គមនិយម និងបានជួបប្រជុំការងារជាមួយនឹងគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភា តំណាង ដោយ ឯកឧត្តម Antonio Gutierrez Limones អនុប្រធានគណៈកម្មការ និងឯកឧត្តម José Antonio Monago Terraza អ្នកនាំពាក្យ ដើម្បីបន្តអនុវត្តស្មារតីនៃជំនួបរវាងថ្នាក់ដឹកនាំសភាទាំងពីរ ក្នុងឱកាស មហាសន្និបាតអោយប៉ាលើកទី៤៦ នៅទីក្រុងកូឡា ឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០២៥ កន្លងទៅ។

សភាអេស្ប៉ាញបានគោរពថ្វាយព្រះពរដល់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមព្រះអង្គឆាប់ជាសះស្បើយប្រកបដោយព្រះរាជសុខភាព ល្អបរិបូណ៌។
ក្នុងឱកាសខួបអនុស្សវរីយ៍លើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតនៃព្រះរាជាណា ចក្រទាំងពីរ ភាគី ទាំងពីរស្វាគមន៍គំនិតផ្តួចផ្តើមការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងអង្គនីតិប្បញ្ញត្តិ ដើម្បីជំរុញការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នៅក្នុងការងារនីតិកម្ម ការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ភាគី ទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនយោបាយ សន្តិសុខសេដ្ឋ កិច្ចនិងសង្គម ពាណិជ្ជកម្មនិងវិនិយោគ កសិកម្មនិងឧស្សាហកម្មកែច្នៃ ថាមពលស្អាតនិងកកើតឡើងវិញ វប្បធម៌និងទេសចរណ៍ និងការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន រវាងប្រទេសទាំងពីរនិងតំបន់ទាំងពីរ។
កិច្ចសហប្រតិបត្តិការនៃសភាទាំងពីរត្រូវបានតភ្ជាប់ ពង្រឹង និងពង្រីកដោយផ្អែក លើកចំណងមិត្តភាព គុណតម្លៃរួមនៃសន្តិភាព ដោយផ្អែកលើគោលការណ៍គោរពច្បាប់អន្តរជាតិនិងពហុភាគីនិយម។
ភាគីកម្ពុជា បានបញ្ជាក់សារជាថ្មីក្នុងការគាំទ្រសភាអេស្ប៉ាញ ជាសមាជិកសង្កេត ការណ៍នៃអន្តរសភាអាស៊ាន (AIPA)។

ភាគីមិត្តក៏បានបញ្ជាក់អំពីការគាំទ្រដល់សភាកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងសភាអឺរ៉ុបផងដែរ។ ព្រឹទ្ធសភាអេស្ប៉ាញ ក៏បានបង្ហាញនូវការគាំទ្រដល់តួនាទីព្រឹទ្ធសភាកម្ពុជា ក្នុងការដឹកនាំរៀបចំសន្និសីទ ប្រធានសភានៃអន្តរសភា (ISC) លើកទី២ ដែលគ្រោងរៀប ចំនៅឆ្នាំ២០២៦នេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ភាគីអេស្ប៉ាញ ក៏បានសម្តែងនូវការសោកស្តាយចំពោះផលលំបាកដែលបង្កឡើងដោយជម្លោះ កម្ពុជា-ថៃ មកលើប្រជាជនរស់នៅតាមបណ្តោយព្រំដែន និងការខូចខាតលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក ព្រមទាំងបានបញ្ជាក់ថា អេស្ប៉ាញក៏ដូចជាសហភាពអឺរ៉ុបបានយកចិត្តទុកដាក់ តាមដានស្ថានភាពជម្លោះរវាងកម្ពុជា និងថៃ និងគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។

ដំណើរទស្សនកិច្ចបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា មិត្តភាព និងសហប្រតិបត្តិការ ដោយភាគីទាំង ពីរប្តេជ្ញាជំរុញចំណងមិត្តភាពទ្វេភាគីទៅកម្រិតខ្ពស់ថ្មី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកា អន្តរសភាក្នុងតំបន់អោយប៉ា សភាអឺរ៉ុប និងវេទិកាអន្តរសភាអន្តរជាតិនានា ដើម្បីពង្រឹងសាមគ្គីភាព និង ជំនឿទុកចិត្តទៅវិញទៅមក ជាប្រយោជន៍ដល់ប្រទេសទាំងពីរ និងតំបន់ទាំងពីរ៕
ដោយ ៖ ប៊ុនរិទ្ធ





