មីយ៉ាន់ម៉ាជ្រើសតាំងប្រធានសភាជាន់ខ្ពស់ថ្មី
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ -- លោក យូ អ៊ុង លីន ដ្វេ (U Aung Lin Dwe) សមាជិកសភាមកពីគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) ត្រូវបានជ្រើសតាំងជាប្រធានសភាជាន់ខ្ពស់(Amyotha Hluttaw) របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងសម័យប្រជុំលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
យោងតាមវិទ្យុ និងទូរទស្សន៍មីយ៉ាន់ម៉ា (MRTV) ដែលគ្រប់គ្រងដោយរដ្ឋ បានឱ្យដឹងថា នៅថ្ងៃដំបូងនៃសម័យប្រជុំសាមញ្ញលើកដំបូង មានអ្នកចូលរួមយ៉ាងពេញលេញ ដោយមានសមាជិកសភាទាំង ២១៣រូបមានវត្តមាន។
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក យូ ឃីន យី (U Khin Yi) ត្រូវបានជ្រើសតាំងជាប្រធានសភាជាន់ទាប (Pyithu Hluttaw) ក្នុងអំឡុងពេលនៃសម័យប្រជុំសាមញ្ញាលើកដំបូងរបស់ខ្លួន។
យោងតាមលទ្ធផលផ្លូវការដែលចេញផ្សាយដោយគណៈកម្មការរៀបចំការបោះឆ្នោតសហភាព បានឱ្យដឹងថា គណបក្ស USDP បានឈ្នះអាសនៈភាគច្រើននៅក្នុងសភាសហភាពក្នុងការបោះឆ្នោតទូទៅដែលបានបញ្ចប់កាលពីដើមឆ្នាំនេះ។
សភាសហភាពមីយ៉ាន់ម៉ាមានពីរសភា ដែលមានអាសនៈសរុបចំនួន៦៦៤អាសនៈ គឺសភាជាន់ទាប Pyithu Hluttaw ដែលមាន ៤៤០អាសនៈ និងសភាជាន់ខ្ពស់ Amyotha Hluttaw ដែលមាន ២២៤អាសនៈ។
បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានសភា សភាសហភាពដែលទើបបង្កើតថ្មីនឹងជ្រើសរើសប្រធានាធិបតីថ្មី៕





